ព័ត៌មានអន្តរជាតិ

Update៖ លោក Zelensky ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក បៃដិន ដើម្បីពិភាក្សាជុំវិញការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន

New york Post

គៀវ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានពិភាក្សាអំពីការបែងចែកកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន។

លោក Zelensky បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា លោក បៃដិន បានធានាគាត់ថា គាត់នឹងចុះហត្ថលេខាលើច្បាប់នេះ ដោយរំពឹងថា នឹងបែងចែកជំនួយយោធាដល់អ៊ុយក្រែនភ្លាមៗនៅគ្រាដែលច្បាប់ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិករួច ។

លោក Zelensky បានថ្លែងថា កញ្ចប់ជំនួយសម្រាប់ការពារនេះត្រូវបានគេរំពឹងថា នឹងពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ក៏ដូចជាសមត្ថភាពរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ ។

ប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា លោកក៏បានពិភាក្សាជាមួយលោក បៃដិន អំពីការងារលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅប្រទេសស្វីស ដែលគ្រោងធ្វើឡើងនៅពាក់កណ្តាលខែមិថុនាខាងមុខ ។

គួររំលឹកថា កាលពីថ្ងៃសៅរ៍ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់ក្រុងគៀវ ដែលមានតម្លៃប្រហែល៦១ពាន់លានដុល្លារសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top