បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រកាសថា រុស្ស៊ីនឹងពង្រឹងការការពារដែនអាកាសរបស់ខ្លួនបន្ថែមទៀត ដោយដាក់ពង្រាយប្រព័ន្ធដែលបានធ្វើឱ្យប្រសើរឡើងនៅចុងឆ្នាំនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃចន្ទ ខណៈដែលលោកបានថ្លែងក្នុងពេលជួបជាមួយមេទ័ពកំពូលរបស់រុស្ស៊ី ។ លោក Shoigu បាននិយាយថា ការបង្កើនសមត្ថភាពប្រឆាំងយន្តហោះ និងប្រឆាំងមីស៊ីល គឺជាអាទិភាពសម្រាប់ទីក្រុងម៉ូស្គូ។
លោករដ្ឋមន្ត្រីបាននិយាយថា ការចែកចាយប្រព័ន្ធប្រឆាំងយន្តហោះរយៈចម្ងាយខ្លី Pantsir ដែលមានទាំងកាំជ្រួច និងកាំភ្លើងស្វ័យប្រវត្តិ នឹងត្រូវបាន “ពង្រីកជិតពីរដង” នៅឆ្នាំនេះ។ លោកបានកត់សម្គាល់ថា ប្រព័ន្ធនេះបានដំណើរការល្អជាពិសេសក្នុងជម្លោះជាមួយអ៊ុយក្រែន។
លោក Shoigu បានបង្ហាញឱ្យដឹងថា កងទ័ពរុស្ស៊ីក៏នឹងទទួលបានប្រព័ន្ធ ការពារអាកាស S-500 កម្រិតខ្ពស់ដំបូងគេផងដែរ ទាំងប្រឆាំងយន្តហោះ និងកំណែប្រឆាំងមីស៊ីលជាយុទ្ធសាស្ត្រ។ ខណៈពេលដែលគេដឹងតិចតួចអំពីប្រព័ន្ធការពារដែនអាកាសថ្មី S-500 ត្រូវបានគេរាយការណ៍ថាអាចស្ទាក់ចាប់កាំជ្រួចដែលមានល្បឿនលឿនជាងសំឡេង ហើយក៏អាចវាយប្រហារគោលដៅក្នុងគន្លងផែនដីទាបផងដែរ អាស្រ័យលើគ្រាប់ដែលបានប្រើ។
លើសពីនេះ យោធាត្រូវបានកំណត់ទៅប្រព័ន្ធថ្មីជាច្រើនទៀតដែលមានជួរផ្សេងៗគ្នា រួមមាន S-400, S-300V4, Buk-M3 និង Tor-M2U ។ លោករដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី រូបនេះ បានកត់សម្គាល់ថា កងទ័ពក៏នឹងទទួលបានប្រព័ន្ធរ៉ាដាជំនាន់ថ្មីផងដែរ។
លោក Shoigu បាននិយាយថា “កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការការពារដែនអាកាស និងមីស៊ីលនឹងផ្តល់នូវគម្របគុណភាពខ្ពស់សម្រាប់វត្ថុសំខាន់ៗបំផុតនៃប្រព័ន្ធបញ្ជា និងការគ្រប់គ្រង កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ និងក្រុមកងទ័ព” ៕ ប្រែសម្រួលៈ ណៃ តុលា