ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បង្កើនការវាយប្រហារ តាមផ្លូវអាកាស ទៅលើក្រុង Rafah

គែរ៖ អ៊ីស្រាអ៊ែល បានបង្កើនការវាយប្រហារ តាមផ្លូវអាកាសទៅលើក្រុង Rafah ពេញមួយយប់ក្រោយពីបានអះអាងថា ខ្លួននឹងជម្លៀសជនស៊ីវិល ចេញពីទីក្រុងហ្គាហ្សាភាគខាងត្បូង ហើយបើកការវាយប្រហារទាំងស្រុង បើទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថា វាអាចបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើនក៏ដោយ ។

ក្រុមគ្រូពេទ្យនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ បានរាយការណ៍ពីការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ចំនួន៥ដងមកលើទីក្រុង Rafah កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបានវាយប្រហារត្រូវចំផ្ទះ យ៉ាងហោចណាស់ចំនួន៣ខ្នង ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦នាក់ រួមទាំងអ្នកកាសែតក្នុងស្រុកទៀតផង ។

លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំ នៅអង្គការសហប្រជាជាតិ (UN) បានប្រាប់ដល់ទីភ្នាក់ងារ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា #យើងភ័យខ្លាចនូវអ្វី ដែលនឹងកើតឡើងនៅក្រុង Rafah ។ កម្រិតនៃការប្រុងប្រយ័ត្នគឺខ្ពស់ណាស់” ។

លោកបានបញ្ជាក់ថា “អ្នកខ្លះកំពុងចាកចេញ ពួកគេខ្លាចក្រុមគ្រួសារ ប៉ុន្តែពួកគេអាចទៅណាបាន? ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅភាគខាងជើងនោះទេ ដូច្នេះហើយត្រូវបានបង្ខាំង នៅក្នុងតំបន់តូចមួយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top