យេរ៉ូសាឡឹម ៖ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ការសាងសង់ផែអណ្តែតទឹក ចេញពីឆ្នេរសមុទ្រហ្គាហ្សា បានចាប់ផ្តើមហើយ ដោយមានបំណងផ្តល់ជំនួយ ដែលត្រូវការយ៉ាងខ្លាំងដល់ក្រុមប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
យោធាអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា គំនិតផ្តួចផ្តើម ស្តីពីភស្តុភាររួម Over-the-Shore ដែលដឹកនាំដោយបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក នឹងបង្កើតផែបណ្តែតទឹកបណ្តោះអាសន្ន ដើម្បីផ្តល់ជំនួយមនុស្សធម៌ ពីសមុទ្រទៅកាន់តំបន់ហ្គាហ្សា។
កងកម្លាំងអ៊ីស្រាអែល នឹងផ្តល់ “ការគាំទ្រផ្នែកសន្តិសុខ និងភស្តុភារ សម្រាប់គំនិតផ្តួចផ្តើមនេះ ដែលយោងទៅ តាមយោធា នឹងបង្កើតប្រព័ន្ធចែកចាយ កប៉ាល់ទៅកាន់ច្រាំង ដែលប្រសើរឡើង ដើម្បីបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា”។
មន្ទីរបញ្ចកោណអាមេរិកក៏បានបញ្ជាក់ ពីការចាប់ផ្តើមសាងសង់ផងដែរ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានប្រាប់អ្នកកាសែតនៅទីក្រុងវ៉ាស៊ីនតោនថា “ខ្ញុំអាចបញ្ជាក់បានថា កប៉ាល់យោធាអាមេរិក បានចាប់ផ្តើមសាងសង់ដំណាក់កាល ដំបូងនៃផែបណ្តោះអាសន្ន និងផ្លូវចេញចូលសមុទ្រ” ។
អ៊ីស្រាអែល ដែលបានដាក់ការបិទផ្លូវអាកាស ដីគោក និងសមុទ្រនៅលើតំបន់ហ្គាហ្សាស្ទ្រីប តាំងពីឆ្នាំ២០០៧ បានទទូចថា ផែនឹងក្លាយជាបណ្តោះអាសន្ន និងមិនមែនជាកន្លែងអចិន្ត្រៃយ៍នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា