ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ប្រកាសបើកចំហ ចំពោះសំណើណាមួយ សម្រាប់បទ ឈប់បាញ់ជាអចិន្ត្រៃយ៍

Xinhua

ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមហាម៉ាស់ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបើកចំហ ចំពោះគំនិត ឬសំណើណាមួយ សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប។

ចលនានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ស៊ីនហួថា ក្រុមហាម៉ាស់ គឺ “បើកចំហ ចំពោះគំនិត ឬសំណើណាមួយ ដែលគិតគូរពីតម្រូវការ និងសិទ្ធិរបស់ប្រជាជនរបស់យើង”។

សេចក្តីថ្លែងការណ៍នេះបានស្នើឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងកាន់កាប់ចេញពីតំបន់ហ្គាហ្សា និងការវិលត្រឡប់ដោយគ្មានលក្ខខណ្ឌ ឬដាក់កម្រិតនៃជនភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេនៅក្នុងអភិបាលតំបន់ហ្គាហ្សា និងភាគខាងជើងហ្គាហ្សា និងនៅទូទាំងស្ទ្រីប។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ទៅលើវិធានការនានាដូចជាការកសាងឡើងវិញ ការបញ្ចប់ការបិទផ្លូវ ការបំពេញតម្រូវការមនុស្សធម៌ និងការជំរុញកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ដែលទាំងអស់នេះស្របតាមការសម្រេចបាននូវសិទ្ធិជាតិរបស់ប៉ាឡេស្ទីន និងការបង្កើតរដ្ឋឯករាជ្យមួយជាមួយក្រុងយេរ៉ូសាឡឹមជារដ្ឋធានីរបស់ខ្លួន។

វាកើតឡើងនៅពេលដែលវិទ្យុសាធារណៈរបស់អ៊ីស្រាអែល បានរាយការណ៍ពីការមកដល់របស់លោក Abbas Kamel ដែលជាប្រធានស៊ើបការណ៍អេហ្ស៊ីប ដឹកនាំគណៈប្រតិភូសន្តិសុខអេហ្ស៊ីបទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាផ្នែកនៃកិច្ចពិភាក្សា ដើម្បីបន្តកិច្ចព្រមព្រៀងផ្លាស់ប្តូរជាមួយក្រុមហាម៉ាស់។

បើយោងតាម វិទ្យុអ៊ីស្រាអែលបានរាយការណ៍ថា លោកKamel នឹងជួបគ្នានៅទីក្រុង Tel Aviv ជាមួយប្រមុខ Mossad លោក David Barnea និងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ Tzahi Hanegbi ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top