បរទេស៖ កងទ័ពអាកាសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងផលិត “យន្តហោះថ្មីមួយសម្រាប់ថ្ងៃវិនាស” ដែលមានបំណងអនុញ្ញាតឱ្យប្រធានាធិបតី បន្តដឹកនាំប្រទេស ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរ ឬគ្រោះមហន្តរាយធំ ផ្សេងទៀត ដែលបំផ្លាញមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងនៅលើដី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចសន្យាតម្លៃ ១៣ ពាន់លានដុល្លារសម្រាប់គម្រោង Survivable Airborne Operations Center (SAOC) ត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន Sierra Nevada Corp។ នេះបើតាមអ្នកនាំពាក្យរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍បានអានថា ការងារលើបញ្ជាការ យុទ្ធសាស្ត្រថ្មី និងយន្តហោះយោធាគ្រប់គ្រង គឺនឹងត្រូវធ្វើឡើងនៅ ឯកន្លែងរបស់ក្រុមហ៊ុនក្នុងរដ្ឋ Colorado, Nevada និង រដ្ឋ Ohio ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ថ្ងៃផុតកំណត់សម្រាប់គម្រោងនេះគឺនៅឆ្នាំ២០៣៦ ។
យោងតាមអ្នកនាំពាក្យ គឺ SAOC នឹងផ្អែកលើយន្តហោះចម្លងពាណិជ្ជកម្ម ដែលនឹងត្រូវពង្រឹង និងកែប្រែដើម្បីបំពេញតាមស្តង់ដាររបស់មន្ទីរបញ្ចកោណ។
សេចក្តីថ្លែងការណ៍បានអានទៀតថា “ការអភិវឌ្ឍន៍ប្រព័ន្ធអាវុធសន្តិសុខជាតិដ៏សំខាន់នេះធានានូវសមត្ថភាពបញ្ជា ការគ្រប់គ្រង និងទំនាក់ទំនងនុយក្លេអែររបស់នាយកដ្ឋានគឺពាក់ព័ន្ធ និងមានសុវត្ថិភាពសម្រាប់ទសវត្សរ៍ខាងមុខ” ។
SAOC មានបំណងប្រែក្លាយ ជាយន្តហោះជំនួសយន្តហោះ E-4B Nightwatch ដ៏ចាស់ ឬមជ្ឈមណ្ឌលប្រតិបត្តិការ លើអាកាសជាតិ ដែលកងទ័ពអាកាសអាមេរិកកំពុងប្រើប្រាស់នៅពេលនេះ។
យន្តហោះ E-4Bs ដែលផលិតដោយផ្អែកលើយន្តហោះ Boeing 747 មានតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ ។ យន្តហោះទាំងនេះត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វាបានក្លាយទៅជាការលំបាក កាន់តែខ្លាំងឡើងក្នុងការថែរក្សាយន្តហោះ ខណៈដែលគ្រឿងបន្លាស់ សម្រាប់យន្តហោះទាំងនោះគេលែងប្រើ៕
ប្រែសម្រួលៈ ណៃ តុលា