ព័ត៌មានអន្តរជាតិ

អាមេរិក និងអង់គ្លេស ថ្កោលទោសសភាអ៊ីរ៉ាក់ ដែលអនុម័តច្បាប់ ហាមប្រាម ទំនាក់ទំនងភេទដូចគ្នា និងការប្តូរភេទ

ប្រភព ៖ AFP

បរទេស ៖ សភាអ៊ីរ៉ាក់ បានអនុម័តច្បាប់ ហាមប្រាមទំនាក់ទំនងភេទដូចគ្នា និងការប្តូរភេទ ។ វិធានការនេះត្រូវបានថ្កោលទោស ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប៉ុន្តែប្រធានសភាអ៊ីរ៉ាក់ គឺបានពិពណ៌នាថាវាជា “ជំហានចាំបាច់ដើម្បីការពាររចនាសម្ព័ន្ធ តម្លៃនៃសង្គម” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង អំពើពេស្យាចារ និងការស្រឡាញ់ភេទដូចគ្នា ដែលបានធ្វើវិសោធនកម្ម បានអនុម័តសភា កាលពីថ្ងៃសៅរ៍ ។ យោងតាមច្បាប់ចម្លង នៃច្បាប់ដែលមើលឃើញ ដោយសារព័ត៌មាន Reuters គឺវាកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ទៅ ១៥ ឆ្នាំសម្រាប់អ្នកដែលមានទំនាក់ទំនងផ្លូវភេទដូចគ្នា, ដាក់ពន្ធនាគារ ៧ ឆ្នាំសម្រាប់អ្នកដែលលើកកម្ពស់ការស្រឡាញ់ភេទដូចគ្នា ឬពេស្យាចារ និងចន្លោះពី ១ ឆ្នាំទៅ ៣ ឆ្នាំសម្រាប់អ្នកដែលផ្លាស់ប្តូរ “ជីវសាស្រ្តយេនឌ័រ” ឬការស្លៀកពាក់ដូចមនុស្សស្រី ។

ប្រធានសភាស្តីទីអ៊ីរ៉ាក់ លោក Mohsen Al-Mandalawi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តច្បាប់នេះគឺជា “ជំហានចាំបាច់មួយ ដើម្បីការពាររចនាសម្ព័ន្ធតម្លៃ នៃសង្គម” និង “ការពារកូនៗ របស់យើងពីអំពើការឱ្យខូចខាងសីលធម៌ និងការស្រឡាញ់ភេទដូចគ្នា”៕
ប្រែសម្រួលៈ ណៃ តុលា

To Top