ព័ត៌មានអន្តរជាតិ

Update ៖ លោក Zelensky និងមេដឹកនាំអង្គការ NATO ជួបពិភាក្សាគ្នាជុំវិញ ការផ្តល់ជំនួយ សម្រាប់អ៊ុយក្រែន

Xinhua

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform របស់រដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន និងលោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ហៅកាត់ (NATO) បានជួបពិភាក្សាអំពីជំនួយ សម្រាប់អ៊ុយក្រែននៅក្នុងអំឡុង ពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងគៀវ ។

លោក Zelensky បានប្រាប់ដល់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា “នៅថ្ងៃនេះ យើងបានពិភាក្សាអំពីគំនិតផ្តួចផ្តើមរបស់លោក Jens ដើម្បីបង្កើតមូលនិធិពិសេសមួយសម្រាប់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ នៃវិស័យការពារជាតិអ៊ុយក្រែន ដែលមានតម្លៃ១០០ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល១០៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ” ។

លោក Zelensky បានថ្លែងថា សម្ព័ន្ធមិត្ត NATO មានឧបករណ៍ទាំងអស់ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមបែបនេះ ដោយកត់សម្គាល់ថា អ៊ុយក្រែនរំពឹងថា ជំនួយថ្មីនេះ នឹងបន្តលើជំនួយក្រោម កិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធានាសន្តិសុខ ។

លោក Stoltenberg បានលើកឡើងថា សមាជិកអង្គការ NATO មួយចំនួនបានយល់ព្រមបង្កើនការគាំទ្ររបស់ពួកគេចំពោះក្រុងគៀវ ។

ខណៈនោះដែរ លោក Zelensky និងលោក Stoltenberg ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រវាងអ៊ុយក្រែន និងអង្គការ NATO និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល របស់ខ្លួននាពេលខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន D.C. សហរដ្ឋអាមេរិក។

លោក Stoltenberg បានអញ្ជើញលោក Zelensky ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ដល់ទី១១ខែកក្កដា ។

បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ លោក Stoltenberg បានមកដល់ទីនេះនៅមុនថ្ងៃ នៃដំណើរទស្សនកិច្ច ដោយមិនប្រកាសឲ្យដឹងជាមុននោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top