បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែលនឹងបញ្ជូន ទាហានចូលទៅក្នុងទីក្រុង Rafah ដោយមិនគិតពីថា តើខ្លួនឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង ជាមួយក្រុមហាម៉ាសឬយ៉ាងណានោះទេ ។
ដោយឡែករដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល Israel Katz ធ្លាប់បានសន្យាថានឹងលុបចោលប្រតិបត្តិការដ៏ចម្រូងចម្រាសជាថ្នូរនឹងការចាប់ឈ្លើយ កាលពីមុននេះបន្តិច ។
ស្ថិតនៅព្រំដែនភាគខាងត្បូងនៃតំបន់ Gaza ជាមួយនឹងប្រទេសអេហ្ស៊ីបទីក្រុង Rafah បច្ចុប្បន្នជាជម្រករបស់ជនប៉ាឡេស្ទីនប្រមាណ ១,៤ លាននាក់ ដែលបានភៀសខ្លួនចេញពីតំបន់ភាគខាងជើងនៃតំបន់នេះ។
គួរឲ្យដឹងដែរថាចាប់តាំងពីខែតុលាមក អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាប្រចាំនៅ Rafah ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថា ជាគោលដៅរបស់ក្រុមហាម៉ាស ហើយលោក Netanyahu បានគំរាមអស់ជាច្រើនខែ ដើម្បីបើកការលុកលុយទៅដីលើទីក្រុងនេះ បើទោះបីជាមានការជំទាស់ ពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ
ក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី