បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យដូចគ្នា បានអំពាវនាវឱ្យមានការសង សឹកប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ (ICC) ប្រសិនបើខ្លួនចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ជុំវិញតួនាទីរបស់ពួកគេក្នុងឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងប៉ាឡេស្ទីន។
ឆ្លើយតបនឹងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងសប្តាហ៍នេះថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នឹងប្រកាសចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Benjamin Netanyahu និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀត សមាជិកសភាបានចេញសេចក្តីថ្លែងការណ៍ ព្រមានអំពីផលវិបាកសម្រាប់ជំហានបែបនេះ។
តំណាងសហរដ្ឋអាមេរិក លោក Brad Sherman (D-California) ស្ថិតក្នុងចំណោមអ្នក ដែលទទូចថាទីក្រុងវ៉ាស៊ីនតោន នឹងសងសឹកចំពោះការប៉ុនប៉ង ណាមួយដើម្បីចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលក្នុង អំឡុងពេលសង្រ្គាម ដែលកំពុងបន្ត ជាមួយក្រុមហាម៉ាស។
គួរឲ្យដឹងដែរថា ដីកាចាប់ខ្លួនដែលមានសក្តានុពល ត្រូវបានភ្ជាប់ទៅការស៊ើបអង្កេតរបស់ ICC លើអំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់ ដោយយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលមានតាំងពីឆ្នាំ ២០១៤មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី