ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ដោះលែង​ជនជាតិ​ប៉ាឡេស្ទីន ​៦៤នាក់ ​ដែល​ត្រូវ​ចាប់ខ្លួន ​នៅ​តំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ អ៊ីស្រាអែល បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៦៤នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងប្រតិបត្តិការយោធា នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អាជ្ញាធរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរអ៊ីស្រាអែល បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៦៤នាក់ ក្នុងនោះមានម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ តាមរយៈច្រក Kerem Shalom នៅភាគខាងត្បូងតំបន់ ហ្គាហ្សាស្ទ្រីប។

យោងតាមអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីន បានឱ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប កងទ័ពអ៊ីស្រាអែល បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីន រាប់រយនាក់ និងផ្ទេរពួកគេទៅកាន់គោលដៅ ដែលមិនស្គាល់។

យោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា អ្នកទោសដែលត្រូវបានដោះលែងត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យស្ថានភាពសុខភាពរបស់ពួកគេ។

អ៊ីស្រាអែល បានបើកការ វាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយ លុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top