ព័ត៌មានអន្តរជាតិ

វៀតណាម ៖ អ្នកពុលនំប៉័ង ដាក់សាច់កើន ដល់៤៦៩នាក់ ក្នុងនោះ ១១នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

VN Express

បរទេស៖ ចំនួនអ្នកធ្លាក់ខ្លួនឈឺ បន្ទាប់ពីហូបនំប៉័ង នៅភោជនីយដ្ឋានមួយកន្លែង ក្នុងក្រុងឡុងខាញ់ ខេត្តដុងណៃ ភាគខាងត្បូង ប្រទេសវៀតណាម គឺបានកើនឡើងដល់ ៤៦៩នាក់ ហើយ ១១ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមសារ ព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរក្រុង បានប្រកាស នៅថ្ងៃសុក្រថា ក្នុងចំណោមអ្នកជំងឺទាំងនោះ មាន ៣២១ នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យទូទៅ ឡុងខាញ់ និងមានស្ថេរភាព ហើយអ្នកផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ក្នុងចំណោមករណីធ្ងន់ធ្ងរទាំង ១១ មានកុមារ ៩ នាក់ ដែលក្នុងនោះ ២ នាក់ត្រូវការម៉ាស៊ីនខ្យល់អ៊ុកស៊ីហ្សែន និងលាងឈាម ។ ពួកគេមានអាយុប្រាំមួយឆ្នាំ និងប្រាំពីរឆ្នាំ។ កុមារទាំង ៧ នាក់ទៀតត្រូវទទួលថ្នាំចាក់តាមសរសៃឈាម ចាក់ថ្នាំអង់ទីប៊ីយោទិច អុកស៊ីហ្សែន និងការកែតម្រូវបញ្ហា ។

យោងតាមសមាជិកគ្រួសារ គឺក្មេងប្រុសអាយុប្រាំមួយឆ្នាំ បានហូបនំប៉័ងដាក់សាច់ ពីហាងខាងលើកាលពីល្ងាចថ្ងៃអង្គារ ហើយនៅថ្ងៃបន្ទាប់ គាត់បានក្អួត និងរាគ ប៉ុន្តែមិនត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនោះទេ។

កាលពីថ្ងៃព្រហស្បតិ៍ ក្មេងប្រុសរូបនេះក្អួតកាន់តែខ្លាំង និងប្រកាច់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ ឡុងខាញ់ ក្នុងស្ថានភាពលែងដឹងខ្លួន។

ភោជនីយដ្ឋានត្រូវបានផ្អាកការ ត្រួតពិនិត្យបន្ថែមទៀត។ ការត្រួតពិនិត្យបឋមបានបង្ហាញថា ភោជនីយដ្ឋាននេះធ្វើមិនស្រប តាមស្តង់ដារសុវត្ថិភាព ចំណីអាហារ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top