ព័ត៌មានអន្តរជាតិ

ថៃ មានអ្នករកស៊ីផ្លូវភេទ ២៥ម៉ឺននាក់, ឥណ្ឌាមាន៣លាននាក់ និងចិនមាន ៥លាននាក់

The Nation

បរទេស៖ ប្រទេសថៃ មានមនុស្សប្រហែល ២៥០.០០០ នាក់ ដែលកំពុងធ្វើការ ក្នុងឧស្សាហកម្មផ្លូវភេទ ដែលបានធ្វើឱ្យ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៨ នៅលើពិភពលោក ក្នុងឧស្សាហកម្មនេះ។ នេះបើយោង តាមស្ថិតិដែលចេញផ្សាយ ដោយសហភាពអន្តរជាតិ នៃអ្នកធ្វើការផ្លូវភេទ (IUSW) ។ ប្រទេសចិនបានឈរ នៅលំដាប់ទីមួយ ដោយមានស្ត្រីរកស៊ីផ្លូវភេទ ប្រមាណ៥លាននាក់។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណាត់ថ្នាក់ដែលត្រូវបានចេញផ្សាយ ក្នុងខែតុលា ឆ្នាំ២០២៣ បានប៉ាន់ប្រមាណចំនួនអ្នករកស៊ីផ្លូវភេទ ក្នុងប្រទេសកំពូលទាំង២០ ដោយគិតគូរពីពេស្យាចារ ការរួមភេទតាមទូរស័ព្ទ ការធ្វើគំរូផ្លូវភេទតាម webcam , ក្លឹបដោះអាវ , OnlyFans និង មានច្រើនទៀត។

ចំណាត់ថ្នាក់ទីពីរក្នុងឧស្សាហកម្មផ្លូវភេទ គឺប្រទេសឥណ្ឌាដែលមានអ្នករកស៊ីផ្លូវភេទប្រហែល ៣ លាននាក់ បន្ទាប់មកសហរដ្ឋអាមេរិក (១ លាននាក់) ហ្វីលីពីន (៨សែននាក់) ម៉ិកស៊ិក (៥សែននាក់) និងអាល្លឺម៉ង់ (៤សែននាក់) , ប្រេស៊ីល និងថៃស្មើគ្នា ២៥ម៉ឺននាក់។

សហភាពអន្តរជាតិនៃអ្នកធ្វើការផ្លូវភេទ (IUSW) បាននិយាយថា ចំណាត់ថ្នាក់គឺផ្អែកតែលើចំនួនប៉ាន់ស្មានប៉ុណ្ណោះ ព្រោះមិនទាន់មានការស្ទង់មតិផ្លូវការលើចំនួនពិតប្រាកដនៃអ្នករកស៊ីផ្លូវភេទ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយផ្អែកលើការស្ទង់មតិឆ្នាំ ២០១៥ ដោយ Havocscope លើអាជីវកម្មខុសច្បាប់នៅជុំវិញពិភពលោក គឺមានអ្នករកស៊ីផ្លូវភេទប្រហែល ១៣,៨ លាននាក់នៅទូទាំងពិភពលោក។

IUSW បានប៉ាន់ប្រមាណថា ចំនួនអ្នករកស៊ីផ្លូវភេទនៅទូទាំងពិភពលោក បានកើនឡើងដល់ប្រហែល ៥២ លាននាក់ ប្រហែល ៤១,៦ លាននាក់ជាស្ត្រី និង ១០,៤ លាននាក់ជាបុរស។

ជាមួយនឹងសេវាកម្មទាក់ទង នឹងផ្លូវភេទដែលកំពុងលេចចេញ តាមរយៈបណ្តាញអ៊ីនធឺណែត សហជីពបានព្យាករណ៍ថា ចំនួនអ្នករកស៊ីផ្លូវភេទ នឹងបន្តកើនឡើង នាពេលអនាគត៕
ប្រែសម្រួលៈ ណៃ តុលា

To Top