ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារ ព្យុះដ៏ខ្លាំងក្លាវាយប្រហារភាគខាងត្បូង ប្រទេសប្រេស៊ីល កើនឡើងដល់២៩នាក់

Xinhua

សៅប៉ូឡូ៖ បើតាមអភិបាល Eduardo Leite បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះដ៏អាក្រក់បំផុតបានសម្លាប់មនុស្ស ២៩នាក់ និង៦០នាក់ផ្សេងទៀតបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងចំនួន៤ថ្ងៃជាប់ៗគ្នា បង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានវាយប្រហាររដ្ឋ Rio Grande do Sul ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល ។

លោក Leite បានលើកឡើងថា “ជាអកុសល យើងដឹងថា ចំនួនទាំងនេះនឹងកើនឡើង” ដោយពណ៌នាអំពីព្យុះនេះថា ជាគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ ដែលជាអ្នកផលិតកសិកម្ម និងបសុសត្វលំដាប់កំពូល ។

ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើដំណើរទៅកាន់ទីក្រុង Santa Maria ដែលជាទីក្រុងមួយក្នុងចំណោម ទីក្រុងដែលរងគ្រោះខ្លាំងបំផុតរបស់រដ្ឋ ហើយបានជួបជាមួយលោក Leite ។

លោក Lula បានផ្តល់ថវិកា និងជំនួយពីសហព័ន្ធដើម្បីដោះស្រាយ ភាពអាសន្ននៅក្នុងរដ្ឋជាប់ព្រំដែនអ៊ុយរូហ្គាយ និងអាហ្សង់ទីន ។

លោកបានលើកឡើងថា “នឹងមិនមានការខ្វះខាតជំនួយពី រដ្ឋាភិបាលសហព័ន្ធក្នុងការថែរក្សាសុខភាពនោះទេ នឹងមិនមានការខ្វះខាតថវិកា សម្រាប់ថែទាំការដឹកជញ្ជូន និងម្ហូបអាហារ អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានមិនថា តាមរយៈរដ្ឋមន្ត្រី សង្គមស៊ីវិល ឬយោធារបស់យើង យើងក្នុងនាមជាប្រធានាធិបតីបានឲ្យដឹងថា នឹងលះបង់ការខិតខំគ្រប់ពេលវេលា ដើម្បីឱ្យយើងអាចបំពេញតម្រូវការមូលដ្ឋាន របស់ប្រជាជនដែលត្រូវបានជាប់គាំងដោយភ្លៀង” ។

ជាមួយនឹងការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើន អភិបាលខេត្តបានអំពាវនាវ ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីទួលខ្ពស់ និងនៅឱ្យឆ្ងាយពី តំបន់ងាយរងគ្រោះដោយទឹកជំនន់ ដែលកំណត់ដោយភ្នាក់ងារការពារស៊ីវិល ។

លោកបានលើកឡើងថា អ្នកស្រុកប្រហែល ៤.៤០០នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែរាប់ពាន់នាក់ទៀតកំពុងរង់ចាំការ ជួយសង្គ្រោះពីផ្ទះដែលលិចទឹក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top