ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ជប៉ុន អះអាងថា គ្មាន​ផែនការ​រំលាយ​សភានោះទេ ក្រោយ​ការ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកមិនមានគម្រោងរំលាយសភានោះទេ មួយសប្តាហ៍បន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរីរបស់លោក បានបាត់បង់អាសនៈចំនួនបី នៅក្នុងការបោះឆ្នោតសភា ដោយរឿងអាស្រូវថវិកា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព របស់គណបក្ស LDP ។

លោក គីស៊ីដា ដែលបានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២១ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើ គាត់នឹងឈរឈ្មោះក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី LDP នៅអំឡុងខែកញ្ញា បើទោះបីជាវាត្រូវបានគេគិតថា លោកចង់ទទួលបានអាណត្តិទីពីរ ជាមេដឹកនាំគណបក្ស ដើម្បីកសាងរដ្ឋាភិបាលយូរអង្វែងក៏ដោយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ជាមួយគណបក្ស LDP ដែលជាបក្សកាន់អំណាច ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង បន្ទាប់ពីមានការលាតត្រដាងថា បក្សពួករបស់ខ្លួនបានធ្វេសប្រហែស ក្នុងការរាយការណ៍ពីចំណែកនៃប្រាក់ចំណូល របស់ពួកគេពីគណបក្សរៃអង្គាសប្រាក់ និងប្រមូលថវិការច្រើនឆ្នាំ សម្រាប់សមាជិករបស់ពួកគេ។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង San Paulo មុនពេលបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់លោក ដែលនាំលោកទៅប្រទេសបារាំង ប្រេស៊ីល និងប៉ារ៉ាហ្គាយថា “ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាដែល មិនអាចត្រូវបានពន្យារពេល ដូចជាការអនុវត្តកំណែទម្រង់នយោបាយ” ។

លោក បានបន្ថែមថា “ខ្ញុំជឿថាវាមានសារៈសំខាន់ណាស់ក្នុងការ បង្កើតលទ្ធផលលើបញ្ហាប្រឈម ហើយខ្ញុំផ្តោតតែលើរឿងនោះ ខណៈដែលសន្យាថានឹងចាប់ផ្តើម ពិភាក្សាជាមួយសមាជិកសភា LDP អំពីរបៀបកែសម្រួលច្បាប់គ្រប់គ្រង មូលនិធិនយោបាយភ្លាមៗបន្ទាប់ពី លោកត្រឡប់ទៅទីក្រុងតូក្យូវិញ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top