បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Boeing កំពុងជួបប្រទះបញ្ហាជាមួយនឹង ការផលិតយន្តហោះប្រភេទ 787 Dreamliner របស់ខ្លួនដោយសារតែកង្វះធាតុផ្សំសំខាន់ៗ ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបករណ៍ផ្លាស់ប្តូរកំដៅ ដែលត្រូវបានប្រើប្រាស់នៅក្នុង ប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់យន្តហោះ និងគ្រប់គ្រងសីតុណ្ហភាពនៃគ្រឿង អេឡិចត្រូនិចរបស់យន្តហោះផងដែរនោះ ត្រូវបានធ្វើឡើងដោយការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនអាមេរិក RTX’s Collins Aerospace និងក្រុមហ៊ុន HS-Nauka ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ។ នេះបើតាមកាសែត Wall Street Journal បានផ្សាយកាលពីថ្ងៃសុក្រ។
របាយការណ៍បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ឆ្នាំ ២០២២ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពី ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះត្រូវបាន បិទជាផ្នែកមួយនៃការរឹតបន្តឹងប្រឆាំងនឹង ទីក្រុងម៉ូស្គូជុំវិញជម្លោះនេះ។
ការផលិតផ្នែកគ្រប់គ្រងសីតុណ្ហភាព ត្រូវបានផ្លាស់ប្តូរទៅខ្សែរោងចក្រថ្មីរបស់ RTX នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ដំបូងឡើយ ពួកគេអាចធ្វើតាមការទាមទាររបស់ក្រុមហ៊ុន Boeing ដោយសារតែក្រុមហ៊ុនផលិត យន្តហោះតិចតួចនៅពេលនោះ។ ប៉ុន្តែឥឡូវនេះមានការខ្វះខាត ឧបករណ៍ផ្លាស់ប្តូរកំដៅ ដោយសារតែក្រុមហ៊ុនផលិតយន្តហោះ អាមេរិកកំពុងព្យាយាមបង្កើនការផលិត Dreamliners នេះបើយោងតាម WSJ ៕
ប្រែសម្រួលៈ ណៃ តុលា