ប៉ារីស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យភាគីទាំងអស់ ចៀសវាងការចាត់វិធានការឯកតោភាគី លើមូលដ្ឋានដែលអាចបង្កើន ភាពតានតឹងក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ក្នុងន័យនេះ ប្រមុខរដ្ឋទាំងពីរ បានថ្កោលទោសគោលនយោបាយរបស់អ៊ីស្រាអែល ក្នុងការកសាងការតាំងទីលំនៅ ដោយបំពានច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយក្នុងអំឡុងពេល ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសបារាំង។
យោធាអ៊ីស្រាអែលបានឲ្យដឹងនៅយប់ថ្ងៃចន្ទថា ខ្លួនកំពុងធ្វើការវាយប្រហារតាម អាកាសទ្រង់ទ្រាយធំនៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស់ បានប្រកាសទទួលយកសំណើរបស់អេហ្ស៊ីប-កាតា ទាក់ទងនឹងបទឈប់បាញ់នៅក្នុង បន្ទះ។
ក្នុងពេលជាមួយគ្នានេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា សំណើនេះគឺនៅឆ្ងាយពី “ការទាមទារស្នូល” របស់អ៊ីស្រាអែល ហើយថារដ្ឋាភិបាល នឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងគ៊ែរ ដើម្បីអស់លទ្ធភាពក្នុងការឈានដល់កិច្ចព្រមព្រៀង ដែលអាចទទួលយកបាន សម្រាប់អ៊ីស្រាអែល។
ដូចគ្នានេះផងដែរ គណៈប្រតិភូកាតា នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ នៅថ្ងៃអង្គារនេះ សម្រាប់ការចរចាដោយប្រយោល ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ តាមរយៈអ្នកសម្របសម្រួល។
ប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh បានប្រាប់ភាគីអេហ្ស៊ីប និងកាតាថា ចលនារបស់លោក បានអនុម័តលើសំណើរបស់ពួកគេ ទាក់ទងនឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើតាមក្រុមប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងបានយល់ព្រមលើសំណើ ដែលឆ្លើយតបនឹងការទាមទារ របស់យើងក្នុងការបញ្ឈប់ការបាញ់ប្រហារ ការស្ថាបនាឡើងវិញនូវក្បាលដី ការវិលត្រឡប់របស់ជនភៀសខ្លួន ទៅកាន់តំបន់លំនៅដ្ឋានរបស់ពួកគេ និងកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោស” ៕
ប្រែសម្រួល ឈូក បូរ៉ា