បរទេស ៖ យន្តហោះចម្បាំង របស់អ៊ីស្រាអែល បានវាយលុកគោលដៅ នៅក្នុងទីក្រុង រ៉ាហ្វា របស់ប៉ាឡេស្ទីន កាលពីយប់ថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំង ការពារអ៊ីស្រាអែល (IDF) បានព្រមានជនស៊ីវិល នៅក្នុងតំបន់ថា ខ្លួនកំពុងរៀបចំវាយប្រហារទីក្រុងនេះដោយ “កម្លាំងខ្លាំង”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគំរាមជាច្រើនខែ ដើម្បីបញ្ជូនកងទ័ព ចូលទៅក្នុងទីក្រុងនេះ ដោយលើកហេតុផលថា ប្រតិបត្តិការបែបនេះគឺចាំបាច់ដើម្បីធានាអ៊ីស្រាអែលនូវ “ជ័យជំនះទាំងស្រុង” លើក្រុមហាម៉ាស ។
បច្ចុប្បន្ន ទីក្រុង រ៉ាហ្វា គឺជាជម្រករបស់ប្រជាជាតិប៉ាឡេស្ទីនប្រហែល ១,៤ លាននាក់ ដែលបានផ្លាស់ទីលំនៅពីភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា ហើយអង្គការសហប្រជាជាតិបានព្រមានថា ការឈ្លានពានរបស់ អ៊ីស្រាអែលនឹងក្លាយជា “មហន្តរាយ” សម្រាប់ជនស៊ីវិលទាំងនេះ។
ចំពេលមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត និងអង្គការអន្តរជាតិនានា, លោក Netanyahu បានប្តេជ្ញាកាលពីសប្តាហ៍មុនថានឹងបន្តប្រតិបត្តិការនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បានបញ្ជាក់ដែរថា លោកនឹងបន្តការវាយប្រហារលើក្រុង រ៉ាហ្វា ទោះបីជាមានកិច្ចព្រមព្រៀង ឈប់បាញ់ត្រូវបានសម្រេចជាមួយក្រុម Hamas ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា