យូអិន៖ ខណៈដែលភាពតានតឹងនៅតែបន្ត កើនឡើងនៅក្នុងតំបន់ហ្គាហ្សា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀតឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ បង្ហាញ “ភាពក្លាហានផ្នែកនយោបាយ” និងធ្វើការឆ្ពោះទៅរកការធានាបទឈប់បាញ់។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក លោក Guterres បានលើកឡើងពីស្ថានភាពធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅទីក្រុងរ៉ាហ្វា ដែលជាប់ព្រំដែនប្រទេសអេហ្ស៊ីប ហើយបច្ចុប្បន្នកំពុងពោរពេញ ដោយជនភៀសខ្លួនប៉ាឡេស្ទីន។
លោក Guterres បានសម្តែងការព្រួយបារម្ភ អំពីស្ថានភាពមនុស្សធម៌ ដោយកត់សម្គាល់ថា ជំនួយសំខាន់ៗ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈជិតអស់ហើយ។ លោកបានលើកឡើងថា “ការបិទច្រកឆ្លងកាត់រ៉ាហ្វា និង Karem Shalom ជាពិសេស គឺធ្វើឱ្យខូចខាតដល់ស្ថានភាព មនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ។ ពួកគេត្រូវតែបើកឡើងវិញជាបន្ទាន់” ។
ជាមួយនឹងជនជាតិអ៊ីស្រាអែលជាង ១,១០០នាក់ និងជនជាតិប៉ាឡេស្ទីន ៣៤,០០០ នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ដោយសារតែជម្លោះនាពេលថ្មីៗនេះ លោក Guterres បានសង្កត់ធ្ងន់លើការចំណាយដ៏គួរឱ្យ ភ្ញាក់ផ្អើលនៃអំពើហិង្សាដែលកំពុងបន្ត។ “យើងមិនបានឃើញគ្រប់គ្រាន់នោះទេ?” លោកបានអង្វរដោយសង្កត់ធ្ងន់ លើតម្រូវការជាបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការចូលរួមក្នុងការទូត ជាជាងការបង្កើនបន្ថែមទៀតនូវភាពតានតឹង។
ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់អំពីផលវិបាក ធ្ងន់ធ្ងរនៃការបន្តការប្រយុទ្ធ ជាពិសេសការវាយលុកទ្រង់ទ្រាយធំណាមួយ ដែលមានសក្តានុពលលើទីក្រុងរ៉ាហ្វា ដែលលោកបានពិពណ៌នាថាជា “មហន្តរាយរបស់មនុស្ស” ។
លោកបានព្រមានថា “ជនរងគ្រោះជនស៊ីវិលរាប់មិនអស់។ គ្រួសារជាច្រើនរាប់មិនអស់ ត្រូវបានបង្ខំឱ្យភៀសខ្លួនម្តងទៀត ដោយគ្មានកន្លែងដែលមានសុវត្ថិភាពក្នុងការទៅ ដោយសារតែមិនមានកន្លែងសុវត្ថិភាព នៅក្នុងតំបន់ហ្គាហ្សា” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
