ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៤,៧៨៩នាក់ ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន ៥៤ នាក់ និងរបួស ៩៦នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,៧៨៩នាក់ និងរបួសដល់ ៧៨,២០៤ នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំមុន។
ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិ ប៉ាឡេស្ទីនម្នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀត បានរងរបួសដោយការបាញ់កាំភ្លើងរបស់កងទ័ពអ៊ីស្រាអែលក្នុងអំឡុង ពេលប្រតិបត្តិការយោធាជិត ២០ម៉ោងនៅក្នុងទីក្រុង Tulkarm ភាគខាងជើងតំបន់ West Bank ។
អ៊ីស្រាអែល បានបើកការ វាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹក ការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ចលនា ទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុង ពេលដែលមនុស្សប្រហែល ១,២០០នាក់ នៅក្នុងអ៊ីស្រាអែល ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបាន ចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួល ឈូក បូរ៉ា