ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តធំរបស់រុស្ស៊ី បញ្ជាឱ្យយោធាសាកល្បងប្រព័ន្ធអាវុធ ដែលមានសមត្ថភាពនុយក្លេអ៊ែរ របស់ខ្លួន

Newsweek

បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុង Minsk (បេឡារុស) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko បានបញ្ជាឱ្យយោធារបស់ប្រទេសនេះ សាកល្បងប្រព័ន្ធអាវុធដែលមាន សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ ទីក្រុងមូស្គូបានបញ្ជាឱ្យធ្វើសមយុទ្ធ ស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ ដោយលើកឡើងពីវោហាសាស្ត្រអរិភាព ដោយក្រុមមន្ត្រីលោកខាងលិច ដែលចាំបាច់ត្រូវតែបង្ហាញកម្លាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស្ស លោក Viktor Khrenin បាននិយាយថា ជើងទម្ររបស់កាំជ្រួចមីស៊ីល Iskander និងក្រុមយន្តហោះចម្បាំង Sukhoi Su-25 នឹងចូលរួមនៅក្នុងសមយុទ្ធនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសផែនការរក្សាទុក អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនតូច នៅក្នុងប្រទេសបេឡារុស្សកាលពីឆ្នាំមុន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលើអ៊ុយក្រែន។

ទីក្រុងវ៉ាស៊ីនតោនមានការរៀបចំស្រដៀងគ្នា ជាមួយសមាជិកណាតូ ជាច្រើនទសវត្សរ៍មកហើយ។ ប្រទេស បែលហ្ស៊ិក អាឡឺម៉ង់ អ៊ីតាលី ហូឡង់ និង ប្រទេស តួកគី ត្រូវបានប៉ាន់ប្រមាណថា ជាម្ចាស់ផ្ទះគ្រាប់បែកនុយក្លេអ៊ែរ B-61 រាប់សិបនៅលើដីរបស់ពួកគេ។

ទីក្រុងមូស្គូបានជំទាស់ ជាយូរមកហើយចំពោះការអនុវត្ត ក៏ដូចជាការបណ្តុះបណ្តាល សមាជិកណាតូផ្សេងទៀតអំពីរបៀប ដែលអាវុធទាំងនោះអាចប្រើប្រាស់បាន ដោយអះអាងថា ជំហាននេះ គឺរំលោភលើស្មារតីនៃសន្ធិសញ្ញា មិនរីកសាយភាយនុយក្លេអ៊ែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top