ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីជាមេ Facebook លោក Mark Zuckerberg កំពុងពិចារណា ទិញយកសារព័ត៌មាន Associated Press

RT News

បរទេស៖ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានពិចារណាក្នុងការទិញ ឬយកភាគហ៊ុនធំ នៅក្នុងទីភ្នាក់ងារសារ ព័ត៌មាន Associated Press ។ នេះបើតាមសារព័ត៌មាន Business Insider បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភព មួយចំនួន ។ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះ ត្រូវបានយកមកពិភាក្សា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សមួយនេះ គឺបានប្រឈមមុខនឹង ការចោទប្រកាន់ថា មានឥទ្ធិពលលើការ បោះឆ្នោតប្រធានាធិបតី អាមេរិកឆ្នាំ ២០១៦។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឥឡូវនេះត្រូវបានគេស្គាល់ថាជា Meta ដែលជាតួនាទីរបស់ក្រុមហ៊ុន នៅក្នុងការបោះឆ្នោតដែលលោក Donald Trump ត្រូវបានបោះឆ្នោត ឱ្យឡើងកាន់អំណាច គឺបានប្រឈមមុខនឹង ការត្រួតពិនិត្យយ៉ាងខ្លាំង ពីទីក្រុងវ៉ាស៊ីនតោន ចំពេលមានការអះអាងថា វេទិកានេះបានជួយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ភាពស្លន់ស្លោខាងសីលធម៌កាន់តែអាក្រក់ទៅៗ បន្ទាប់ពី Facebook បានបង្ហាញថា ទីភ្នាក់ងាររុស្ស៊ីមួយ បានចំណាយប្រាក់ចំនួន ១០ម៉ឺនដុល្លារ លើការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ដែលចោទប្រកាន់ថា បានព្យាយាមញុះញង់ ឱ្យមានការបែកបាក់ ក្នុងអំឡុងពេលយុទ្ធនាការ ប្រធានាធិបតី។

ទីក្រុងមូស្គូបានបដិសេធរាល់ការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ខណៈដែលអនុប្រធាន Facebook ទទួលបន្ទុកការផ្សាយ ពាណិជ្ជកម្ម លោក Rob Goldman ក្រោយមកបានបង្ហើបថា ការចំណាយរបស់រុស្ស៊ី បានកើតឡើងបន្ទាប់ ពីការបោះឆ្នោត ។ ទោះជាយ៉ាងណាក៏ដោយ លោក Zuckerberg នៅតែត្រូវបានបង្ខំឱ្យធ្វើការ ផ្លាស់ប្តូរសំខាន់ៗ ចំពោះសេវាកម្ម និងគោលការណ៍ឯកជន ភាពរបស់ Facebook ហើយថែមទាំងបានសុំទោស ជាផ្លូវការទៅកាន់សភា អាមេរិកក្នុងឆ្នាំ ២០១៨ សម្រាប់ការគ្រប់គ្រង វេទិការបស់លោក។

យោងតាមគេហទំព័រ Business Insider នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg មានគំនិតក្នុងការទិញ យកសារព័ត៌មានក្នុងពេលតែមួយ ។ ប្រភពបាននិយាយថា លោក Zuckerberg មានគម្រោងប្រើវាជាប្រភពព័ត៌មានដែលអាចទុកចិត្តបាន ដើម្បីបង្កើតការផ្សាយ ព័ត៌មានដែលមានគុណភាពខ្ពស់ និងដោះស្រាយភាពចម្រូងចម្រាស លើខ្លឹមសាររបស់វេទិកានេះ ។ មហាសេដ្ឋីរូបនេះ ត្រូវបានគេរាយការណ៍ថា បានពិភាក្សាអំពីគំនិតនេះ យ៉ាងទូលំទូលាយនៅក្នុង Facebook ។

ខណៈពេលដែល លោក Zuckerberg ត្រូវបានគេនិយាយថា បានពិចារណាប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនសម្រាប់ការទិញ យកប្រព័ន្ធផ្សព្វផ្សាយ យក្សមួយនេះ ទីបំផុតគាត់បានផ្តោតលើ Associated Press (AP) ដែលជាទីភ្នាក់ងារព័ត៌មាន អន្តរជាតិ ដ៏សំខាន់ដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top