ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដកហូតអាជ្ញាបណ្ណមួយចំនួន សម្រាប់ការនាំចេញ បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei

Xinhua

វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សហរដ្ឋអាមេរិក បានដកហូតអាជ្ញាប័ណ្ណមួយចំនួន សម្រាប់ការ នាំចេញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន Huawei ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មានការប្រឆាំងពីទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង ក្រោយពីមានការរិះគន់ កាលពីខែមុនដោយសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដែលបានជំរុញ ឱ្យរដ្ឋបាល របស់ប្រធានាធិបតី ចូ បៃដិន បិទអាជ្ញាប័ណ្ណនាំចេញ ទាំងអស់របស់ក្រុមហ៊ុននេះ បន្ទាប់ពីក្រុមហ៊ុនបានចេញ ផ្សាយកុំព្យូទ័រយួរដៃថ្មីមួយ ដែលដំណើរការដោយប្រព័ន្ធ ដំណើរការដោយបន្ទះឈីប យក្សរបស់អាមេរិក Intel ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា “យើងបន្តវាយតម្លៃពីរបៀប ដែលការគ្រប់គ្រង របស់យើងអាចការពារ សន្តិសុខជាតិ និងផលប្រយោជន៍គោល នយោបាយបរទេសបានល្អបំផុត ដោយគិតគូរពីបរិយាកាសគំរាមកំហែង និងទិដ្ឋភាពបច្ចេកវិទ្យា ដែលផ្លាស់ប្តូរជានិច្ច” ។

អ្នកនាំពាក្យរូបនេះបានលើកឡើងឲ្យដឹង បន្ថែមទៀតនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារ AFP ថា “យើងមិនធ្វើអត្ថាធិប្បាយ លើអាជ្ញាប័ណ្ណ ជាក់លាក់ណាមួយនោះទេ ប៉ុន្តែយើងអាចបញ្ជាក់ថា យើងបានដកហូត អាជ្ញាប័ណ្ណជាក់លាក់សម្រាប់ការ នាំចេញរបស់ក្រុមហ៊ុន Huawei” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top