ព័ត៌មានអន្តរជាតិ

ប្រជាជនវៀតណាម កំពុងនាំគ្នាសម្រុកទិញមាស ខណៈតម្លៃ​មាសបន្តឡើង​ថ្លៃ​ខ្ពស់​ស្រើតៗ

Xinhua

បរទេស៖ ហាង​លក់​គ្រឿងអលង្ការ​ជាច្រើន គឺមាន​អតិថិជន​ច្រើន​កុះករ​សម្លឹង​រក​ទិញ​មាស ខណៈ​តម្លៃ​មាសបាន​ឡើង​ថ្លៃ​ខ្ពស់​គ្រប់​ពេល​វេលា។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry បានឡើងថ្លៃ ២,៦ភាគរយ ដល់តម្លៃខ្ពស់គ្រប់ពេលថ្មីគឺ ៩១,៨9 លានដុង ស្មើនឹង ៣.៦០៩,៦ដុល្លារក្នុងមួយថេល (ទម្ងន់មាសគិតក្នុងប្រទេសចិន) ដោយមួយថេល ស្មើនឹងជាង៣៧ក្រាម នៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានឈានដល់កំណត់ត្រា ៨៩,៥ លានដុងនៅរសៀលថ្ងៃព្រហស្បតិ៍។

នៅម៉ោងប្រហែល ៤ រសៀល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​ម្នា​បាន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ ហាង​មាស​នៅ​ទូទាំង​ទីក្រុង​ហាណូយ ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ។

ហាងមួយនៅផ្លូវ Cau Giay ថែមទាំងត្រូវឈប់ទទួលអតិថិជនពីខាងក្រៅ ដោយបម្រើតែអ្នកដែលបានកំណត់ ការណាត់ជួបរួចហើយតែប៉ុណ្ណោះ។

មនុស្សរង់ចាំដោយអត់ធ្មត់ជាជួរ សម្រាប់វេនរបស់ពួកគេដើម្បីទិញមាស។ លោកស្រី Hoa អាយុ ៦២ ឆ្នាំបាននិយាយថា គាត់បានដកប្រាក់សន្សំទាំងអស់របស់ខ្លួន ដើម្បីទិញមាសនៅពេលដែលតម្លៃ កំពុងកើនឡើងខណៈពេលដែល អត្រាការប្រាក់ប្រាក់បញ្ញើមានកម្រិតទាប។

លោកស្រីថា “ដោយឃើញធនាគាររដ្ឋវៀតណាមដាក់ដេញថ្លៃ មាសក្នុងតម្លៃទាបជាង ៨៦ លានដុង , ខ្ញុំ និងមនុស្សជាច្រើនជឿថាតម្លៃនឹងបន្តកើនឡើង” ។

អតិថិជនភាគច្រើននៅក្នុងហាងបានបន្លឺឡើងនូវការគិតដូចៗគ្នា។

លោក Thuy Hien បុគ្គលិកការិយាល័យដែលចេញពី ធ្វើការលឿនដើម្បីទិញមាសនៅហាង Cau Giay បាននិយាយថា “ខ្ញុំខ្លាចថាប្រសិនបើខ្ញុំមិនទិញ ឥឡូវនេះខ្ញុំនឹងខកខានឱកាស ប្រសិនបើតម្លៃកើនឡើងនៅថ្ងៃស្អែក” ។

នៅតាមផ្លូវ ហាងមាស PNJ បានលក់មាសដុំ និងចិញ្ចៀនមាសតម្លៃ ២៤K អស់អស់ហើយ។

នៅហាងមួយទៀតនៅផ្លូវ Xa Dan បុគ្គលិកបានជូនដំណឹងដល់អតិថិជនថា ប្រសិនបើពួកគេចង់ទិញដុំមាសលើសពី ១០ ថេល, គឺពួកគេត្រូវធ្វើការកុម្ម៉ង់ជាមុន ហើយរង់ចាំយ៉ាងហោចណាស់មួយសប្តាហ៍ ដោយសារការផ្គត់ផ្គង់មានកំណត់។

នៅទីក្រុងហូជីមិញ ហាងលក់គ្រឿងអលង្ការ Saigon នៅផ្លូវ Nguyen Thi Minh Khai មានមនុស្សកកកុញដោយអ្នកទិញ៕

ប្រែសម្រួល: ណៃ តុលា

To Top