ព័ត៌មានអន្តរជាតិ

ចិននិងអឺរ៉ុប ដំណើរឆ្ពោះ ទៅរក្សាសន្តិភាព ពិភពលោក និងកំណើនសកល

ដោយសារកិច្ចខិតខំប្រឹងប្រែង រួមគ្នា នៃទំនាក់ទំនង ដ៏ជិតស្និទ្ធរវាងចិន និងអឺរ៉ុប មានការរីកចម្រើន យ៉ាងខ្លាំង ដោយចាប់តាំង ពីទំនាក់ទំនងការទូត រវាងចិន និងហុងគ្រី កាលពី៧៥ឆ្នាំមុន ហើយចិន និងបារាំង តាំងពី៦០ឆ្នាំមុនរួចមក ។ រាល់ពេលនៃដំណើរទស្សនកិច្ច របស់លោក Xi Jinping ប្រធានរដ្ឋចិន មកកាន់អឺរ៉ុប ពិភពលោកយល់កាន់តែស៊ីជម្រៅ ពីតួនាទីសកម្មនិងខ្លាំងក្លា របស់ប្រទេសចិន ក្នុង នាមជាប្រទេសមហាអំណាច ដែលពោរពេញ ដោយភក្តីភាព ចំពោះអរិយធម៌ សន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និង កំណើនសេដ្ឋកិច្ចពិភពលោក ។
ក្នុងនាមជាប្រទេសមហាអំណាច ដែលពោរពេញដោយទំនួលខុសត្រូវ ចំពោះសុខសន្តិភាព និងវិបុលភាពរបស់មនុស្សជាតិ លោក Xi Jinping ប្រធានរដ្ឋចិនតែងផ្តល់ប្រាជ្ញាចិនចូលរួម ក្នុងការបោះយុថ្កាលំនឹង សន្តិភាពពិភពលោក និងសាងមាគ៌ានៃសុខដុមនីយកម្មសង្គមមនុស្សជាតិ។ បន្ថែមពីលើនេះ ចំណងការទូត៦០ឆ្នាំ រវាងចិននិងបារាំង ដោយបារាំងដែលជាមហាអំណាច បស្ចិមប្រទេសដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការជាមួយប្រទេសចិនថ្មី នេះជាការគូសបញ្ជាក់ថាចិនតែងបានប្រកៀកស្មា ជាប់ជានិច្ចជាមួយបារាំង និយាយដោយឡែក ជាមួយអឺរ៉ុបនិយាយរួម ដើម្បីរួមគ្នាផ្តល់ជា ដំណោះស្រាយ យូរអង្វែងចំពោះបញ្ហាប្រឈមសកល ដោយបង្កើនកិច្ច សហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិភាពក្នុងពេល ដែលពិភពលោកស្ថិត នៅក្នុងស្ថានភាពដ៏លំបាក នៃសង្គ្រាមត្រជាក់ ជាក់ស្តែងឆ្នាំ២០២៤នេះ ដំណើរទស្សនកិច្ច ផ្លូវរដ្ឋមកកាន់អឺរ៉ុប ដោយលោកបាន បំពេញទស្សនកិច្ច នៅប្រទេសបារាំង ប្រទេសស៊ែប៊ី និង ប្រទេសហុងគ្រី គឺជាការបង្ហាញ នូវឫទ្ធានុភាព និងឧត្តមានុភាព នៃប្រាជ្ញាចិនចូលរួម ក្នុងដំណោះស្រាយបញ្ហាសកល ដែលរាប់បញ្ចូលការស្វះស្វែងរកសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការរឹតបន្តឹងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ដែលជាការបង្ហាញថា ចិននិងអឺរ៉ុប បានរួមសហការជាមួយគ្នា ងើបឡើងតទល់ជាមួយនឹង ឧបសគ្គនានា ដើម្បីរួមគ្នាបង្កើននូវទំនុកចិត្តបញ្ចេញសកម្មភាព និងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះ ទៅរកអនាគតភ្លឺស្វាងទាំងអស់គ្នា ។

ដោយពោរពេញនឹងការ ស្វះស្វែងរកសន្តិភាពជូនពិភពលោក ជាពិសេសក្នុងបញ្ហាជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានពិភពលោកកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលោក Xi Jinping បានលាតត្រដាងកាលពីខែមេសា ឆ្នាំ២០២២ នៅតែជាខ្លឹមសារដ៏មានតម្លៃ សារវន្តជាមូលដ្ឋាននៅក្នុងការពិភាក្សាកាន់តែស៊ីជម្រៅ ពីដំណើរឆ្ពោះទៅកាន់សន្តិភាពពិភពលោក។ ជាក់ស្តែង នៅក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចនៅបារាំង លោក Xi Jinping ដែលបានពិភាក្សាយ៉ាងស្និទ្ធស្នាល ជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោកស្រី Ursula vonder Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប ហើយចិនបាននាំបារាំង ឈានដល់គំនិតឯកភាពរួម អំពីស្ថានការណ៍ មជ្ឈិមបូព៌ា ហើយចិននិងបារាំង រំពឹងយ៉ាងមុតមាំថា ការចាប់ដៃគ្នារួមគ្នា ពិតជាអាចស្វែងរកទិសដៅ ដើម្បីវឌ្ឍនភាព របស់មនុស្សជាតិ ដើម្បីឆ្លើយ តបនឹង មានភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន។ អ្វីដែលធ្វើឲ្យយើងព្រួយបារម្ភ គឺការបដិសេធមិនប្រឈមមុខ តទល់នឹងបញ្ហា ហើយមិនដឹងថា ត្រូវធ្វើយ៉ាងណាចំពោះបញ្ហាទាំងនោះ។ ដោយប្រឈមនឹងកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងពេលតែមួយ កិច្ចការដែលយើងត្រូវធ្វើ គឺការឆក់យកនូវរាល់កាលានុវត្តភាព ដែលមាន រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ហើយកំណត់ទិសដៅដ៏ត្រឹមត្រូវ សម្រាប់សន្តិភាពពិភពលោក ។

ដោយមានឆន្ទៈបង្កើនវិបុលភាព នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រាល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លោក Xi Jinping បានបង្ហាញយ៉ាងច្បាស់ ពីតួនាទីរបស់ប្រទេសចិនដែលមានអរិយធម៌ ចំណាស់ជាង៥០០០ឆ្នាំ ពោរពេញដោយភក្តីភាពយ៉ាងស្មោះស្ម័គ្រ គាំពារសម្បត្តិវប្បធម៌មនុស្សជាតិ ហើយមជ្ឈមណ្ឌលវប្បធម៌ ដំបូងគេដែលចិនបានបង្កើតឡើងនៅប្រទេសលោកខាងលិច គឺមានទីតាំង នៅទីក្រុងប៉ារីស ដើម្បីផ្តល់កម្លាំងចលករ បន្ថែមដល់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ជាក់ស្តែងកាលពីឆ្នាំ២០១៤ ចិននិងបារាំង បានបើកការហោះហើរត្រង់ ឆ្នាំ២០២៤នេះ ចិននិងស៊ែប៊ីដាក់ឱ្យ ដំណើរការនូវជើងហោះហើរ ត្រង់ពីទីក្រុង Belgrade ទៅទីក្រុងសៀងហៃ និងទីក្រុងក្វាងចូវ ដើម្បីបង្កើនកំណើន សេដ្ឋកិច្ចសម្រាប់អឺរ៉ុប ។
ដោយប្រកាន់ខ្ជាប់ ជានិច្ចនូវភក្តីភាព លើការគាំពារបរិស្ថាន ហើយជំរុញដល់ការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវអរិយធម៌អេកូឡូស៊ី នៅក្នុងប្រទេសចិន ដែលប្រជាជនចិនយល់ថា ប្រៀបដូចជាការរក្សានូវកែវភ្នែករបស់ខ្លួន បានក្លាយជាបទពិសោធន៍យ៉ាងប្រពៃ សម្រាប់ជាទឡ្ហីករណ៍ជូនដល់លោក Xi Jinping យកទៅចែករំលែក ជូនដល់អង្គមហាសន្និបាតពិភពលោកស្តីពីបម្រែបម្រួល អាកាសធាតុ នាខែវិច្ឆិកា ឆ្នាំ២០១៥ នៅបារាំង ។ សមាជិកទាំងអស់នៃអង្គមហាសន្និបាត ស្តីពីបម្រែបម្រួលអាកាសធាតុបាន យល់ស្របគ្នាថា បើគ្មានការគំាទ្រដ៏មានប្រសិទ្ធភាពពីលោក Xi Jinping នោះមហាសន្និបាតនេះមិនអាចឈានដល់កិច្ចព្រមព្រៀងរួមបានឡើយ ហើយ«កិច្ចព្រមព្រៀងទីក្រុងប៉ារីស»នេះ គឺជាជោគជ័យ ដែលពិបាកសម្រេចមួយ ដែលស្របតាមនិន្នាការនៃការអភិវឌ្ឍជាសកល ព្រោះនេះគឺជាការទទួលខុសត្រូវ ដែលយើងចាំបាច់ត្រូវធ្វើ ដើម្បីមនុស្សជំនាន់ក្រោយ»។ សំខាន់ជាងនេះទៀត ចិនមានភាពក្លាហានក្នុងការចាត់វិធាន ការដោះស្រាយបញ្ហាទាំងនោះ ជាក់ស្តែងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានពង្រីក ទាំងបរិមាណ និងពង្រឹងគុណភាព នៃការផលិត និងការលក់រថយន្តអគ្គិសនីទៅកាន់ពិភពលោក ជាពិសេសទៅកាន់អឺរ៉ុប ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសហុងគ្រីបានក្លាយជាទីតាំង ដែលក្រុមហ៊ុនរថយន្តអគ្គិសនី និងអាគុយរបស់ចិនបានវិនិយោគ និងសាងសង់រោងចក្រ ដែលនាំឱ្យហុងគ្រី បានក្លាយជាស្ពានសម្រាប់ក្រុមហ៊ុនចិន ចូលទៅកាន់ទីផ្សារអឺរ៉ុប ។

ហុងគ្រីជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ» កាលពីខែឧសភា ឆ្នាំ២០១៧។ ការរួមគ្នារវាងចិននិងបណ្តាប្រទេសអឺរ៉ុបក្នុងការរួមគ្នាកសាង«ខ្សែក្រវាត់ និងផ្លូវ» បានលើកកម្ពស់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងបណ្តាប្រទេសទាំងនោះ ដោយមានហុងគ្រី និងស៊ែប៊ីជាឧទាហរណ៍ ដែលបានជំរុញដល់កិច្ចកសាងសហគមន៍រួម វាសនាក្នុងយុគសម័យថ្មី ផ្តល់ផលប្រយោជន៍ដល់ប្រជាជន ក៏ដូចជារួមចំណែកថ្មី ក្នុងការជំរុញបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិ ស្របនឹង ប្រសាសន៍របស់លោក Lazlo Palkovicz អតីតរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា របស់ប្រទេសហុងគ្រី បានមានប្រសាសន៍ថា «ដោយគាំទ្រទាំងស្រុងដោយប្រទេសចិន ខ្សែរថភ្លើងល្បឿន លឿនពី Belgrade ប្រទេសស៊ែប៊ី ទៅ Budapest ប្រទេសហុងគ្រី ចំណាយរយៈពេលធ្វើដំណើរត្រឹមតែ៣ម៉ោងនិង៣០នាទី ប៉ុណ្ណោះ។ នេះជាការប្តេជ្ញាចិត្តរបស់ចិន ជាមួយនិងអឺរ៉ុបក្នុងការបង្កើន សេដ្ឋកិច្ចបើកចំហជាសកល ចែករំលែក កាលានុវត្តភាព និងផលប្រយោជន៍ តាមរយៈការបើកចំហ និង សម្រេចបាននូវការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ ។

ជារួម លទ្ធផលដ៏ត្រចះត្រចង់ បានលាតត្រដាងនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ទៅកាន់អឺរ៉ុបនាខែឧសភា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តដល់បារាំង ស៊ែប៊ី និងហុងគ្រី ព្រមទាំងបណ្តាប្រទេសនានានៅអឺរ៉ុប ជំរុញយ៉ាងខ្លាំង ដល់ការកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងវប្បធម៌ ក្នុងគោលដៅរួមគ្នាការពារពហុភាគីនិយម និងលើកកម្ពស់សន្តិភាព និងវិបុលភាពពិភពលោក ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

To Top