ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មការ ប្រឆាំងអំពើពុករលួយ ម៉ាឡេស៊ីថា ម៉ាឡេស៊ីខាតបង់ ៥៨ពាន់លានដុល្លារ ដោយសារអំពើ ពុករលួយ រយៈពេល៥ឆ្នាំ

VN Express

បរទេស ៖ ប្រធានគណៈកម្មការប្រឆាំង អំពើពុករលួយម៉ាឡេស៊ី (MACC) លោក Azam Baki បាននិយាយថា ប្រទេសម៉ាឡេស៊ីបានខាតបង់សរុប ៥៨ ពាន់លានដុល្លារ ដែលជាលទ្ធផល នៃអំពើពុករលួយក្នុងរយៈពេលប្រាំ ឆ្នាំចុងក្រោយនេះ។លោកបាននិយាយថា ការខាតបង់ត្រូវបានគណនា ដោយផ្អែកលើការប៉ាន់ប្រមាណសរុប នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំមុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងក្នុងពិធីសម្ពោធយុទ្ធសាស្រ្តជាតិ ប្រឆាំងអំពើពុករលួយ (NACS) 2024-2028 នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Putrajaya (PICC) កាលពីថ្ងៃទី ៨ ខែឧសភា លោក Azam បានសង្កត់ធ្ងន់ថា ការដោះស្រាយអំពើពុករលួយ នៅក្នុងពិភពគ្មានព្រំដែន ដែលកាន់តែស្មុគស្មាញ គឺពិតជាខុសពីវិធីសាស្រ្តប្រឆាំង អំពើពុករលួយនៃទសវត្សរ៍មុន ។ កម្រិតនៃការខាតបង់របស់ម៉ាឡេស៊ី ក៏មានភាពខុសគ្នាច្រើន ពីប៉ុន្មានឆ្នាំមុនដែរ។

ដោយបង្ហាញពីការខកចិត្ត ចំពោះការខាតបង់ដ៏ធំ ដោយសារតែអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលសហព័ន្ធ លោក Azam បាននិយាយថា ចំនួនដ៏ច្រើនអាចត្រូវ បានប្រើប្រាស់ ដើម្បីជួយសាធារណៈជន តាមមធ្យោបាយផ្សេងៗ ជាពិសេសក្នុងការ អនុវត្តគម្រោងសង្គម ដូចជាការជួសជុលមន្ទីរពេទ្យ និងសាលារៀន។ ជាការសោកស្ដាយ ថវិកាទាំងនេះត្រូវបានដកហូត ដោយសារការប្រព្រឹត្ត អំពើពុករលួយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top