ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បន្ត​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ លើ​តំបន់ហ្គាហ្សាភាគ​ខាង​ជើង មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ភៀស​ខ្លួន​ ជា​ថ្មី​ម្តង​ទៀត

AFP
" "

ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ ជាច្រើននៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ខណៈដែលការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងរវាងចលនាតស៊ូអ៊ីស្លាមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល ដែលធ្វើប្រតិបត្តិការថ្មីនៅក្នុងតំបន់ទាំងនោះ។

ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួ ថាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំទៅលើអគារលំនៅដ្ឋាន និងដីកសិកម្មនៅក្នុងជំរុំជនភៀសខ្លួន Jabalia ទីក្រុង Jabalia នៅជិតទីក្រុង Beit Lahia និងសង្កាត់មួយចំនួនក្នុងទីក្រុងហ្គាហ្សា។

" "

អ្នកនាំពាក្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា លោក Mahmoud Basel បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនការ វាយប្រហារទៅលើផ្ទះលំនៅដ្ឋានទាំងនោះ ដែលជនស៊ីវិលនៅតែនៅខាងក្នុង។

" "

លោកបានលើកឡើងថា ជនរងគ្រោះត្រូវបានរាយការណ៍ពី Jabalia និងតំបន់ក្បែរនោះ ដែលជាគោលដៅដោយការ វាយប្រហាររបស់អ៊ីស្រាអែល ប៉ុន្តែ “វាពិបាកសម្រាប់ក្រុមរបស់យើង ក្នុងការចូលទៅដល់ពួកគេ” ។

ទន្ទឹមនឹងនេះដែរ រថក្រោះ និងរថយន្តយោធារបស់អ៊ីស្រាអែល បានចូលទៅជ្រៅពីជាយក្រុងភាគខាងកើត ដើម្បីឈានទៅវាយលុកថ្មី លើតំបន់ហ្គាហ្សាភាគខាងជើង នេះបើយោងតាមប្រភពពីប៉ាឡេស្ទីន ដែលមិនបញ្ចេញឈ្មោះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top