ព័ត៌មានអន្តរជាតិ

យោធា​អ៊ីស្រាអែល ប្រកាស​បើក​ច្រក​ឆ្លងកាត់​ថ្មី​ សម្រាប់​ជំនួយ​ទៅ​ដល់ ​តំបន់​ហ្គាហ្សា

AFP

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកច្រកឆ្លងកាត់ថ្មីមួយ ដើម្បីនាំយកជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលរងគ្រោះដោយទុរ្ភិក្ស។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ យោធាបានប្រកាសពីការបើក “ច្រកព្រំដែន Erez ខាងលិច” រវាងអ៊ីស្រាអែល និងភាគខាងជើងតំបន់ហ្គាហ្សា ដោយមានការសម្របសម្រួល ជាមួយសហរដ្ឋអាមេរិក។

យោង​តាម​យោធា ការ​ឆ្លង​កាត់​ថ្មី​នេះ​ស្ថិត​នៅ​ ភាគ​ខាង​លិច​នៃ​ច្រក​ Erez ដែល​ខិត​ទៅ​ជិត​ឆ្នេរ​សមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានបន្ថែមថា ផ្លូវឆ្លងកាត់ត្រូវបានសាងសង់ ដោយយោធាអ៊ីស្រាអែល “ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនផ្លូវ សម្រាប់ជំនួយទៅកាន់តំបន់ហ្គាហ្សា ជាពិសេសទៅភាគខាងជើងនៃតំបន់ហ្គាហ្សា” ។

កាលពីថ្ងៃអាទិត្យផងដែរ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ ទ្រង់ទ្រាយធំមួយនៅក្នុងតំបន់ Jabaliya ភាគខាងជើងហ្គាហ្សា ខណៈពេលដែលកំពុងបន្តប្រតិបត្តិការ របស់ខ្លួននៅភាគខាងកើត Rafah និងផ្នែកខ្លះនៃច្រកឆ្លងកាត់រ៉ាហ្វា របស់តំបន់ហ្គាហ្សា។

នៅក្នុងនោះដែរប្រភពបានសង្កត់ធ្ងន់ថា ខ្លួនបានអំពាវនាវដល់ប្រជាជន ស៊ីវិលឱ្យជម្លៀសចេញពី Jabaliya ទៅកាន់ទីជម្រកនៅ ភាគខាងលិចទីក្រុងហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top