បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអះអាងថា ទីក្រុងប៉េកាំងកំពុង “ផ្តល់អំណាច” ឱ្យទីក្រុងម៉ូស្គូនៅក្នុងជម្លោះអ៊ុយក្រែន , លោក Jens Stoltenberg បានអះអាងដោយលើកហេតុផលថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកត្រូវតែចូលរួមនៅក្នុងអាស៊ី និងមិនត្រឹមតែនៅអាត្លង់ទិកខាងជើងប៉ុណ្ណោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Stoltenberg បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំសំណួរ-ចម្លើយនៅឯកិច្ចប្រជុំកំពូលយុវជនណាតូ ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់និស្សិតសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក។
លោក Stoltenberg បាននិយាយថា៖ «សង្គ្រាមនៅអ៊ុយក្រែនបង្ហាញថាសន្តិសុខមិនមែនជាតំបន់ទេ, សន្តិសុខគឺបញ្ហាជាសកល»។ «ប្រទេសសំខាន់ដែលអាចឲ្យរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែននៅអឺរ៉ុបគឺប្រទេសចិន»។
លោក Stoltenberg បានបន្តអះអាងថា ប្រទេសចិនគឺជា “ដៃគូពាណិជ្ជកម្មដ៏ធំបំផុត” របស់រុស្ស៊ី ដោយផ្គត់ផ្គង់ទីក្រុងម៉ូស្គូនូវ “សមាសធាតុសំខាន់ៗ” សម្រាប់ផលិតមីស៊ីល យន្តហោះគ្មានមនុស្សបើក និងអាវុធផ្សេងទៀត។ លោកក៏បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ផងដែរថា “ផ្តល់យន្តហោះគ្មានមនុស្សបើក” ដល់រុស្ស៊ី និងហើយចោទប្រទេសកូរ៉េខាងជើងទៀតថា “ផ្តល់គ្រាប់រំសេវ និងសព្វាវុធ”៕