ប៉េកាំង៖ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានថ្កោលទោសការនិយាយ បំផ្លើសរបស់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភអំពីការផ្ទុកលើសចំណុះ និងការភ័យខ្លាចផ្នែកសន្តិសុខជាតិ ទាក់ទងនឹងឧស្សាហកម្មរថយន្តថាមពលថ្មី (NEV) របស់ប្រទេសចិនថា ជាករណីបុរាណនៃការគាំពារពាណិជ្ជកម្មនិយម។
លោក Fu Bingfeng អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការរបស់ CAAM បានសង្កត់ធ្ងន់ថា សកម្មភាពការពារ និងឯកោនិយមបែបនេះ “មិនគួរជាប្រធានបទ” នៃវិស័យ NEV នោះទេ។
លោក Fu បានធ្វើការកត់សម្គាល់ចំពេល មានរបាយការណ៍អំពីការដំឡើងពន្ធថ្មី លើរថយន្តអគ្គិសនីរបស់ចិន ដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Fu បានលើកឡើងថា ចក្ខុវិស័យជាសកល និងផ្នត់គំនិតបើកចំហគឺត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ដ៏រឹងមាំ នៃឧស្សាហកម្មផលិតរថយន្ត ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ប្រទេសចិន ចំពោះកម្រិតខ្ពស់នៃការបើកចំហរដែលសន្យាថា នឹងមានឱកាសទីផ្សារកាន់តែច្រើន សម្រាប់ក្រុមហ៊ុនរថយន្តពិភពលោក។
CAAM ថ្មីៗនេះបានចេញផ្សាយនូវលទ្ធផល ត្រួតពិនិត្យដំបូងទាក់ទងនឹង ដំណើរការទិន្នន័យរថយន្ត ដោយបញ្ជាក់ពីការអនុលោមតាមស្តង់ដារ សុវត្ថិភាពទិន្នន័យសម្រាប់រថយន្ត ៧៦ម៉ូដែលនៅទូទាំងក្រុមហ៊ុនចំនួន ៦ គឺ BYD, Li Auto, Lotus, Hozon New Energy, Tesla និង NIO ។
លោក Fu បានគូសបញ្ជាក់ពីសារៈសំខាន់ នៃដំណើរការទិន្នន័យយានយន្ត ដែលមានសុវត្ថិភាពជាគោលថ្មីមួយ សម្រាប់ភាពជឿនលឿននៃយានជំនិះឆ្លាតវៃ ដោយកត់សម្គាល់ថា CAAM បានប្រកាន់ខ្ជាប់នូវគោលការណ៍នៃ ការអនុវត្តស្មើភាពគ្នាសម្រាប់អ្នកលេងក្នុងស្រុក និងអន្តរជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា