ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ព្រមានពីផលវិបាកធ្ងន់ធ្ងរ នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា

Afp

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីផលប៉ះពាល់ផ្នែកសន្តិសុខ និងមនុស្សធម៌នាពេលថ្មីៗនេះនៃប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុត។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក Shoukry បានគូសបញ្ជាក់ពីផលវិបាកធ្ងន់ធ្ងរនៃប្រតិបត្តិការរ៉ាហ្វា ដែលប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់បន្ទាប់ពីការបិទច្រករ៉ាហ្វា ចំពេលមានការវាយលុកយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែល។

លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តការផ្តល់ជំនួយដល់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានផ្អាកកាលពីប៉ុន្មានថ្ងៃមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីលោក Shoukry ដែលបានឲ្យដឹងថា ប្រតិបត្តិការរបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់។

អ្នកការទូតទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបើកឡើងវិញនូវច្រកឆ្លងកាត់រវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប និងការធានាការចូលនៃជំនួយមនុស្សធម៌គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់អ្នកស្រុកនៅតំបន់ហ្គាហ្សា។

យោងតាមស្ថិតិចុងក្រោយបំផុត ដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលហ្គាហ្សា កាលពីថ្ងៃចន្ទ ប្រជាជនប៉ាឡេស្ទីនជាង ៣៥,០០០នាក់ត្រូវបានសម្លាប់ និងជាង ៧៨,៨០០នាក់ផ្សេងទៀតបានរងរបួសនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំនៅក្នុងតំបន់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ លើភាគខាងត្បូងអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕ប្រែសម្រួល ឈូក បូរ៉ា

To Top