ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើដំណើរទស្សនកិច្ច ដោយមិនបានប្រកាសនៅក្រុងគៀវ ខណៈអ៊ុយក្រែន ប្រឈមមុខនឹងនឹងការវាយប្រហាររបស់រុស្ស៊ី

Sputnik

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់ទីក្រុង គៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចដោយមិនមានការប្រកាសមួយ ដើម្បីផ្តល់អ្វីដែលមន្ត្រីអាមេរិកបានហៅថា ជា “សារនៃការធានាដ៏រឹងមាំ” នៅពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងតឹងរ៉ឹងពីយោធារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ហើយកំពុងរង់ចាំការមកដល់ថ្មីការដឹកជញ្ជូនអាវុធពីសម្ព័ន្ធមិត្តដើម្បីជួយការពារ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Blinken រួមមានការពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy, នាយករដ្ឋមន្ត្រី Denys Shmyhal និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹង “ពិភាក្សាអំពីបច្ចុប្បន្នភាពនៃសមរភូមិ ផលប៉ះពាល់នៃសន្តិសុខ និងជំនួយសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិក សន្តិសុខរយៈពេលវែង និងការប្តេជ្ញាចិត្តផ្សេងទៀត និងការងារបន្តដើម្បីជំរុញការស្ទុះងើបសេដ្ឋកិច្ចរបស់អ៊ុយក្រែន”។

សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានប្រកាសពីការចូលរួមចំណែកចុងក្រោយបំផុតរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែនក្នុងទម្រង់ជាកញ្ចប់អាវុធ និងឧបករណ៍ផ្សេងទៀត តម្លៃ ៤០០ លានដុល្លារ។

ចំណែកសេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងធ្វើ “អ្វីគ្រប់យ៉ាង” ដែលអាចធ្វើទៅបានដើម្បីប្រញាប់ប្រញាល់បញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុកដីរបស់រុស្សីនៅក្នុងតំបន់ Kharkiv ភាគឦសាន៕ប្រែសម្រួលៈ ណៃ តុលា

To Top