ព័ត៌មានអន្តរជាតិ

ប្រទេសថៃ ជាប្រភពធំ នៃគ្រឿងញៀនខុសច្បាប់ ដែលរត់ពន្ធចូលក្នុងប្រទេសកូរ៉េខាងត្បូង

Bangkok post

បរទេស៖ ប្រទេសថៃគឺជាប្រភពតែមួយដ៏ធំបំផុត នៃការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ដែលត្រូវបានរឹបអូសនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលថា ព្រះរាជាណាចក្រថៃមានគ្រឿងញៀនចំនួន ១៨៧ គីឡូក្រាមនៃគ្រឿងញៀនចំនួនសរុប ៧៨០ គីឡូក្រាម ឬ 24% ដែលរឹបអូសដោយអាជ្ញាធរកូរ៉េខាងត្បូងកាលពីឆ្នាំមុន។

របាយការណ៍បានបន្តថា សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទីពីរដោយមាន ២០% តាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ ១២% និងឡាវ ៩%។

កូរ៉េខាងត្បូងបានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ១៨៤ គីឡូក្រាមក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំនេះ ថយចុះ 13% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែចំនួននៃការប៉ុនប៉ងបានកើនឡើង 14% ដល់ 234 នេះបើយោងតាមសេវាគយកូរ៉េ (KCS) ។

កូរ៉េខាងត្បូងនឹងបង្កើតផ្នែកត្រួតពិនិត្យគយថ្មី នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈន់ (Incheon) ដែលជាច្រកចូលប្រទេសនៅចុងខែក្រោយ ដើម្បីត្រួតពិនិត្យរាល់អ្នកដំណើរដែលមកដល់អាកាសយានដ្ឋាន ពីប្រទេសផលិត ឬឆ្លងកាត់គ្រឿងញៀនខុសច្បាប់។

សារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីមន្ត្រីទីភ្នាក់ងារ គយកូរ៉េខាងត្បូងថា “យើងបានរឹតបន្តឹងការគ្រប់គ្រងព្រំដែន ដែលនាំឱ្យមានការបរាជ័យនៃការប៉ុនប៉ងរត់ពន្ធទ្រង់ទ្រាយធំនាពេលថ្មីៗនេះ។ ការផ្តោតរបស់យើងក៏នឹងផ្តោតលើការរកឃើញករណីរត់ពន្ធខ្នាតតូច” ផងដែរ។

កាលពីខែមុននៅទីក្រុង Nong Khai ប្រទេសថៃ គឺ ប៉ូលីសបានចាប់ខ្លួន បុរសអាយុ ៧០ឆ្នាំម្នាក់ និងរឹបអូសបានថ្នាំញៀនហេរ៉ូអ៊ីន ២២ គីឡូក្រាមដែលត្រូវបានគេរាយការណ៍ថា បានបញ្ជូនទៅប្រទេសកូរ៉េខាងត្បូង៕ប្រែសម្រួលៈ ណៃ តុលា

To Top