SANAA៖ យោងតាមទូរទស្សន៍ Houthi-run al-Masirah បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរបស់សម្ព័ន្ធ កងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៤ដង ទៅលើអាកាសយានដ្ឋាននៃ ទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេមែនដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ធាម ហួធី (Houthi) ។
ទូរទស្សន៍របស់ក្រុម ហួធី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែអ្នកស្រុកបាននិយាយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេបានឮការផ្ទុះដ៏ធំ ហើយបានឃើញភ្លើងឆេះចេញពី អគារក្រោយពីការវាយឆ្មក់តាមផ្លូវអាកាស ។
ជុំវិញការវាយប្រហារនេះដែរ ក្រុមចម្រុះមិនទាន់ធ្វើអត្ថាធិប្បាយ លើការវាយប្រហារតាមផ្លូវអាកាសថ្មីនេះនៅឡើយទេ ប៉ុន្តែនៅមុនថ្ងៃនោះ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបង្ហោះសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ដោយបានដាក់ថា កងកម្លាំងរបស់ខ្លួនកាលពីថ្ងៃចន្ទ បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង និងមីស៊ីលប្រឆាំងនាវាចំនួន ១គ្រាប់ដែលបាញ់ចេញពី “អ៊ីរ៉ង់ គាំទ្រតំបន់គ្រប់គ្រងដោយក្រុម ហួធី របស់ប្រទេសយ៉េមែន” ឆ្ពោះទៅក្នុងសមុទ្រក្រហម ។
ទូរទស្សន៍ខាងលើបានផ្សព្វផ្សាយថា “មិនមានការរងរបួស ឬការខូចខាតដែលត្រូវបាន រាយការណ៍ដោយសហរដ្ឋអាមេរិក សម្ព័ន្ធភាព ឬនាវាជំនួញនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា