ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសស្លូវ៉ាគី ប្រាប់អំពីមូលហេតុដែលខ្មាន់កាំភ្លើង បាញ់ប្រហារប៉ងសម្លាប់នាយករដ្ឋមន្រ្តី

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេស ស្លូវ៉ាគី លោក ម៉ាធើស សូតា អ៊ីស្តុក បាននិយាយថា បុរសដែលបាញ់ប្រហារធ្វើឃាត ដែលបណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ ដល់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico កាលពីថ្ងៃពុធ គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាចំពោះការ សម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាល ក្នុងការបញ្ឈប់ការដឹកជញ្ជូនអាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី ត្រូវ​បាន​គេ​បាញ់​យ៉ាងកៀកជាច្រើន​ គ្រាប់កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​លោកបាន​ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ទីក្រុង​តូចមួយ គឺ Handlova។ ជន​ដៃដល់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ហើយ​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​មុន​នេះ​ថា​មាន “ការជំរុញទឹកចិត្តក្រោមហេតុផល នយោបាយ​ច្បាស់លាស់” នៅ​ពី​ក្រោយ​ការ​បាញ់ប្រហារ លើលោកនាយករដ្ឋមន្រ្តី។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានកំណត់អត្តសញ្ញាណអ្នកវាយប្រហារថាជា យូរ៉ៃ ស៊ិនទូឡា អាយុ ៧១ ឆ្នាំបាននិយាយថា ជាស្ថាបនិកនៃសមាគមអ្នកនិពន្ធស្លូវ៉ាគី និងជាអ្នកគាំទ្រគណបក្ស Progressive Slovakia ដែលជាគណបក្សប្រឆាំង។

កាលពីថ្ងៃអង្គារ លោក ស៊ូតា អ៊ីស្តុក បានបញ្ជាក់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុននេះថា “ជនល្មើសត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មគិតទុកជាមុន នៃការប៉ុនប៉ងធ្វើឃាត” ហើយបានសង្កត់ធ្ងន់ថានេះគឺជា “សកម្មភាពដែលមានហេតុផលនយោបាយ” ។

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី, ជនសង្ស័យបានតាមដានយ៉ាងដិតដល់ នូវព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ ហើយបានតវ៉ាប្រឆាំងនឹង គោលនយោបាយរដ្ឋាភិបាលមួយចំនួន រួមទាំងការបិទការិយាល័យរដ្ឋអាជ្ញាពិសេស និងការព្យួរជំនួយយោធាដល់អ៊ុយក្រែន។ លោក Fico ដែលជាអ្នករិះគន់គោលជំហរ លោកខាងលិចលើជម្លោះអ៊ុយក្រែន បានធ្វើយុទ្ធនាការលើការសន្យា កាត់បន្ថយការផ្តល់អាវុធដល់ទីក្រុងគៀវ ដែលលោកបានបន្តធ្វើបន្ទាប់ពីឡើង កាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពី ការបោះឆ្នោតកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។

លោក ស៊ូតា អ៊ីស្តុក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា ជនសង្ស័យបានបញ្ជាក់ពី ហេតុផលទាំងនេះហើយ ដែលជាហេតុ ធ្វើឲ្យគាត់មិនយល់ស្របនឹង គោលនយោបាយរបស់រដ្ឋាភិបាល និងមូលហេតុដែលគាត់សម្រេចចិត្ត ធ្វើឃាតនាយករដ្ឋមន្រ្តី” ដោយលោក ស៊ូតា អ៊ីស្តុក បានពណ៌នាអ្នកវាយប្រហារថាជា “ឆ្កែចចកឯកោ” ដែលមិនមានទំនាក់ទំនង ជាមួយក្រុមណាមួយឡើយ ៕

ប្រែសម្រួល: ណៃ តុលា

To Top