បរទេស៖ ការលាលែងពីតំណែងរបស់លេខាធិការអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានរបស់វៀតណាម គឺលោកស្រី Truong Thi Mai គឺជាការរញ្ជួយផ្នែកនយោបាយមួយទៀត នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់តំណែងប្រធានរដ្ឋរបស់លោក Vo Van Thuong និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។
យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការមជ្ឈិមបក្ស ព័ត៌មានដែលលោកស្រី Truong Thi Mai បានចាកចេញពីមុខតំណែងអចិន្ត្រៃយ៍នៅលេខាធិការដ្ឋានត្រូវបានបញ្ជាក់។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការមជ្ឈិមបក្ស នាថ្ងៃទី ១៦ ឧសភា សន្និសីទមជ្ឈិមបក្សលើកទី៩ បានពិចារណាលើការដកតំណែង និងច្បាប់ឈប់សម្រាកពីការងារសម្រាប់លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣។
យោងតាមគណៈកម្មាធិការប្រតិបត្តិមជ្ឈិម លោកស្រី Truong Thi Mai ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ បានទទួលការបណ្តុះបណ្តាលជាមូលដ្ឋាន ហើយធំធាត់ឡើងពីមូលដ្ឋាន ត្រូវបានចាត់តាំងឱ្យកាន់តំណែងដឹកនាំសំខាន់ៗជាច្រើនរបស់បក្ស និងរដ្ឋ។
ពេញមួយការងារ និងក្នុងតួនាទីជាអ្នកដឹកនាំ លោកស្រីតែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ សម្រេចបានជោគជ័យនូវភារកិច្ចដែលបានចាត់តាំង និងរួមចំណែកសំខាន់ៗជាច្រើនក្នុងការដឹកនាំ ទិសដៅ និងការគ្រប់គ្រងរបស់បក្ស។ និងសកម្មភាពរបស់រដ្ឋសភា។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិម ខណៈពេលដែលបម្រើការជាសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រីមានការបំពាន និងចំណុចខ្វះខាតមួយចំនួនក្នុងការងារ។ ការអនុវត្តបទបញ្ញត្តិស្តីពីអ្វីដែលសមាជិកបក្សមិនត្រូវបានអនុញ្ញាតិឱ្យធ្វើ បទប្បញ្ញត្តិស្តីពីការទទួលខុសត្រូវក្នុងការធ្វើជាគំរូដល់មន្ត្រី និងសមាជិកបក្ស ជាដំបូងក្នុងចំណោមសមាជិកការិយាល័យនយោបាយ សមាជិកលេខាធិការដ្ឋាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្ស ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស និងបុគ្គល។
ដោយដឹងពីទំនួលខុសត្រូវរបស់លោកស្រីចំពោះបក្ស និងប្រជាជន លោកស្រីក៏បានដាក់ពាក្យសុំលាលែងពីមុខតំណែងដែលបានកំណត់ ហើយឈប់សម្រាកពីការងារ។
ដោយផ្អែកលើបទប្បញ្ញត្តិបច្ចុប្បន្នរបស់បក្ស រដ្ឋ និងពិចារណាលើការចង់បានរបស់លោកស្រី Truong Thi Mai គឺគណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យលោកស្រី Truong Thi Mai លាលែងពីមុខតំណែងជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិម គណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣៕ប្រែសម្រួលៈ ណៃ តុលា