ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនរុស្ស៊ីជាច្រើន ជុំវិញការផ្ទេរអាវុធ ដែលទាក់ទងនឹងកូរ៉េខាងជើង

AFP

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលមានមូលដ្ឋាន នៅប្រទេសរុស្ស៊ី ដោយចោទប្រកាន់ពួកគេថា បានសម្របសម្រួល ការផ្ទេរមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងអាវុធផ្សេងទៀត សម្រាប់ការប្រើប្រាស់ របស់ទីក្រុងម៉ូស្គូប្រឆាំង នឹងអ៊ុយក្រែន ។

ទណ្ឌកម្មបន្ថែមនេះត្រូវបានប្រកាស ដោយក្រសួងរតនាគារ នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីទំនាក់ទំនងកាន់ តែស៊ីជម្រៅរបស់រុស្ស៊ី ជាមួយកូរ៉េខាងជើង ក៏ដូចជាប្រទេសចិនជាដើម។

ប្រភពបានឲ្យដឹងថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានជំរុញកិច្ចសហប្រតិបត្តិការយោធា របស់ពួកគេក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយទីក្រុងព្យុងយ៉ាងបានផ្តល់នូវមីស៊ីលផ្លោង និង គ្រាប់បែកសម្រាប់កងកម្លាំង រុស្ស៊ីដើម្បីវាយប្រហារអ៊ុយក្រែន។ ប្រភពក៏បានឲ្យដឹងថា កូរ៉េខាងជើងកំពុងស្វែង រកជំនួយផ្នែកយោធាពីរុស្ស៊ី ជាថ្នូរនឹងការត្រឡប់មកវិញ ។

លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារជាតិ ទទួលបន្ទុកភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការដើម្បីទទួលខុសត្រូវ ចំពោះអ្នកដែលស្វែងរកការសម្របសម្រួលការដឹកជញ្ជូនអាវុធ និងសម្ភារៈផ្សេងទៀត ដើម្បីបើកឱ្យមានសង្គ្រាមរបស់រុស្ស៊ី” ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីប្រឆាំង នឹងភាពជាដៃគូ “អស្ថិរភាព” រុស្ស៊ី-កូរ៉េខាងជើង ខណៈដែលអំពាវនាវឱ្យប្រទេស ផ្សេងទៀតចូលរួមកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top