ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ៖ លោកខាងលិច កំពុងប្រលែងលេង ជាមួយនឹងដុំភ្លើង

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសលោកខាងលិចគ្រាន់តែប្រថុយ នឹងការកើនឡើងបន្ថែមទៀតតាមរយៈការបំពាក់អាវុធ និងការលើកទឹកចិត្តដល់ទីក្រុងគៀវឱ្យវាយលុកទឹកដីរុស្ស៊ី។

ការព្រមាននេះកើតឡើង នៅពេលដែលការវាយប្រហារ របស់អ៊ុយក្រែនប្រឆាំង នឹងទីក្រុងនានា របស់រុស្ស៊ីកាន់តែខ្លាំងក្លា នៅលើផ្ទៃខាងក្រោយ នៃទីក្រុងគៀវ ដែលបាត់បង់ដីនៅក្នុងតំបន់ Kharkov ។

កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារ រួមគ្នាលើតំបន់គ្រីមៀ Krasnodar និងតំបន់ផ្សេងទៀតរបស់រុស្ស៊ីដោយប្រើ UAV និងយន្តហោះគ្មានមនុស្សបើក ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះគ្មានមនុស្សបើក ជាង១០០គ្រឿងត្រូវបានស្ទាក់ចាប់បានពាក់កណ្តាលអាកាស ខណៈដែលទូកគ្មានមនុស្ស បើកចំនួន៦គ្រឿងត្រូវបានបំផ្លាញ ដោយកងនាវាសមុទ្រខ្មៅ ។

គួរឲ្យដឹងដែរថា ក្នុងអំឡុង ពេលធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រក្រសួងការពារជាតិ បានបន្ថែមថា ក្នុងរយៈពេលមួយសប្តាហ៍នេះ កងទ័ពរុស្ស៊ី បានស្ទាក់ចាប់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិករាប់សិប ក៏ដូចជាគ្រាប់រ៉ុក្កែតជិត ២០០គ្រាប់ រួមទាំងកាំជ្រួចដែលបាញ់ចេញពី HIMARS ផលិតដោយសហរដ្ឋអាមេរិក និងឧបករណ៍បាញ់ប្រហារ Vampire ផលិតនៅប្រទេសឆេកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top