ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង សាកល្បង​មីស៊ីលផ្លោង​ យុទ្ធសាស្ត្រ​ជាមួយ​នឹង ​បច្ចេកវិជ្ជា​រុករក​ថ្មី

Sputnik

សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់សាកល្បងមីស៊ីល ផ្លោងយុទ្ធសាស្ត្រ ដែលបំពាក់ដោយប្រព័ន្ធរុករកស្វយ័តថ្មីមួយ ជាមួយនឹងការធ្វើសមយុទ្ធ ដែលគ្រប់គ្រងដោយមេដឹកនាំលោក គីម ជុងអ៊ុន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េ។

យោធាកូរ៉េខាងត្បូងបានរកឃើញកាលពីថ្ងៃសុក្រថាការបាញ់បង្ហោះរបស់អ្វី ដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី បានបាញ់ឆ្ពោះទៅសមុទ្រជប៉ុនពីតំបន់ក្បែរទីក្រុងកំពង់ផែវូសាន ភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ដោយមីស៊ីលត្រូវបានប៉ាន់ប្រមាណថា បានហោះហើរប្រហែល ៣០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។

ប្រភពពី KCNA បានឲ្យដឹងថា ភាពត្រឹមត្រូវ និងភាពជឿជាក់នៃប្រព័ន្ធរុករកស្វយ័តត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសាកល្បង ហើយលោក គីម បានសម្តែង “ការពេញចិត្តយ៉ាងខ្លាំង” ជាមួយនឹងលទ្ធផលនេះ។

ទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា លោក គីម ក៏បានទៅទស្សនាបរិវេណឧស្សាហកម្មការពារជាតិមួយកាលពីថ្ងៃសុក្រ ហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តពន្លឿនការផលិត “សម្រាប់ការពង្រឹងកម្លាំងនុយក្លេអ៊ែរឱ្យកាន់តែលឿន” របស់ប្រទេស។

ដោយសំដៅលើ “ចលនាប្រឈមមុខដាក់គ្នាដោយយោធាដោយមិនប្រុងប្រយ័ត្ន” របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មេដឹកនាំរូបនេះបានឲ្យដឹងថា “ខ្មាំងនឹងភ័យខ្លាចនិងមិនហ៊ានលេងជាមួយភ្លើង លុះត្រាតែពួកគេឃើញពីជំហរប្រយុទ្ធនុយក្លេអ៊ែររបស់រដ្ឋរបស់យើង ដែលពិបាកសម្រាប់ពួកគេក្នុងការប្រយុទ្ធ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top