តូក្យូ ៖ ភាគីទាំងពីរ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន បានយល់ព្រមផ្តល់ប្រាក់កម្ចី ដល់ហ្វីលីពីន ដែលមានការប្រាក់ទាបចំនួន ៦៤,៣ពាន់លានយ៉េន សម្រាប់ការទិញនាវាល្បាត របស់ជប៉ុនចំនួន ៥គ្រឿងបន្ថែមទៀត ដែលភាគីទាំងពីរបានប្រកាស កាលពីថ្ងៃសុក្រក្នុងគោលបំណង ដើម្បីជួយខ្លួនទប់ទល់នឹងសកម្មភាពឈ្លានពាន របស់ចិននៅសមុទ្រចិនខាងត្បូង ។
នៅក្នុងពិធីមួយក្នុងទី ក្រុងម៉ានីល រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo និងឯកអគ្គរដ្ឋទូតជប៉ុនលោក Kazuya Endo បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ស្តីពីប្រាក់កម្ចី ដែលត្រូវបានសន្យាដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកនៅទីក្រុងម៉ានីល កាលពីខែវិច្ឆិកា ឆ្នាំមុន។
ប្រទេសជប៉ុនបានផ្តល់នាវាល្បាតចំនួន ១២ គ្រឿងរួចហើយ ដែលហៅថា “នាវាឆ្លើយតបពហុតួនាទី” ដល់ឆ្មាំសមុទ្រហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៦ រួមទាំងកងនាវាប្រវែង ៩៧ ម៉ែត្រចំនួនពីរ ដែលបច្ចុប្បន្នជាកងនាវាធំបំផុត នៅក្នុងកងនាវារបស់ខ្លួន។
ការដឹកជញ្ជូននាវាប្រវែង ៩៧ ម៉ែត្រចំនួន ៥គ្រឿង បន្ថែមទៀត ដែលត្រូវបានរំពឹងទុកពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៨ ត្រូវបានគេរំពឹងថា នឹងពង្រឹង “សមត្ថភាពឃ្លាំមើល ការឆ្លើយតប និងការអនុវត្តដែន សមុទ្ររបស់ឆ្មាំសមុទ្រហ្វីលីពីន ដែលធានាបាននូវសុវត្ថិភាព និងសុវត្ថិភាពបន្ថែមទៀត នៃសមុទ្រសម្រាប់ប្រជាជនរបស់យើង និងអ្នក ដែលធ្វើដំណើរឆ្លងកាត់ដែនទឹករបស់យើង”។
លោក Endo បានសន្យាថា រដ្ឋាភិបាលជប៉ុន នឹងគាំទ្រយ៉ាងខ្ជាប់ខ្ជួន នូវការកសាងសមត្ថភាពឆ្មាំឆ្នេរសមុទ្រ ដោយថា “ខណៈដែលស្ថានការណ៍ ជុំវិញហ្វីលីពីន មានសភាពធ្ងន់ធ្ងរជាបន្តបន្ទាប់ ឆ្មាំសមុទ្រហ្វីលីពីន កំពុងឈរនៅជួរមុខ សម្រាប់ការពារផលប្រយោជន៍រួមរបស់យើង និងសណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើច្បាប់ ” ៕
ប្រែសម្រួល ឈូក បូរ៉ា