បរទេស ៖ រដ្ឋសភា ដែលជានីតិបញ្ញត្តិរបស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃច័ន្ទនេះ បានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានរបស់ខ្លួន បន្ទាប់ពីបើកសម័យប្រជុំលើកទី៧។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរការពិនិត្យ និងធ្វើសេចក្តីសម្រេចចិត្ត សម្រាប់បុគ្គលិកជាន់ខ្ពស់ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ។ គណៈប្រតិភូនឹងជ្រើសរើសប្រធានរដ្ឋសភាជាមុនសិន ហើយបន្ទាប់មកជាប្រធានរដ្ឋ។
គណៈកម្មាធិការមជ្ឈិមបក្សកាលពីថ្ងៃសៅរ៍បានផ្តល់អនុសាសន៍រដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក To Lam ឡើងធ្វើជាប្រធានាធិបតីវៀតណាម និងជាអនុប្រធានរដ្ឋសភា លោក Tran Thanh Man ធ្វើជាប្រធាន។
អគ្គលេខាធិការដ្ឋសភា Bui Van Cuong បាននិយាយថា គណៈកម្មាធិការមិនទាន់ បានតែងតាំងបេក្ខភាពជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈនៅឡើយទេ ដូច្នេះរដ្ឋសភាមិនទាន់អនុម័ត ឬដកតំណែងនេះ នៅក្នុងកិច្ចប្រជុំលើកទី៧។
អនុប្រធានគណៈកម្មាធិការកិច្ចការប្រតិភូ លោក Nguyen Tuan Anh ក៏បានបញ្ជាក់ដែរថា គណៈកម្មាធិការ មិនទាន់បានតែងតាំង បេក្ខជនជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៅឡើយទេ ដូច្នេះរដ្ឋសភាមិនទាន់អនុម័ត ឬដកតំណែងនេះ ក្នុងកិច្ចប្រជុំលើកទី៧ នៅឡើយ។
លោក Tran Thanh Man អាយុ ៦២ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លេខាគណៈកម្មាធិការបក្ស Can Tho និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
លោក To Lam អាយុ ៦៧ ឆ្នាំ គឺជារដ្ឋមន្ត្រីសន្តិសុខសាធារណៈបច្ចុប្បន្ន លោកត្រូវបាននាយករដ្ឋមន្ត្រីចាត់តាំងនៅឆ្នាំ២០០៩ ឲ្យធ្វើជាប្រធាននាយកដ្ឋានសន្តិសុខ ១ ។
លោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខ សាធារណៈនៅខែសីហាឆ្នាំ ២០១០ បន្ទាប់មកជារដ្ឋមន្ត្រី សន្តិសុខសាធារណៈនៅខែមេសាឆ្នាំ ២០១៦ ។ លោកក៏ជាអនុប្រធានបច្ចុប្បន្ន នៃគណៈកម្មាធិការដឹកនាំមជ្ឈិមលើការប្រយុទ្ធប្រឆាំង អំពើពុករលួយផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា