ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មី របស់កោះតៃវ៉ាន់ អំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែង

AFP

បរទេស ៖ ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតេ នៅថ្ងៃចន្ទ បានស្នើសុំប្រទេសចិន ឱ្យបញ្ឈប់ការគំរាមកំហែងផ្នែកយោធា និងនយោបាយ ដោយបាននិយាយ នៅក្នុងសុន្ទរកថា ចូលកាន់តំណែង របស់លោកថា សន្តិភាព គឺ ជាជម្រើសតែមួយគត់ ហើយថា ទីក្រុងប៉េកាំង ត្រូវតែគោរពជម្រើស របស់ប្រជាជនតៃវ៉ាន់។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឡៃ ឈឹងតេ ថ្លែង នៅខាងក្រៅការិយាល័យ ប្រធានាធិបតី សម័យអាណានិគមជប៉ុន នៅកណ្តាលទីក្រុងតៃប៉ិ ដោយបានអំពាវនាវម្តងទៀត ឱ្យមានការពិភាក្សា ជាមួយប្រទេសចិន ដែលចាត់ទុកកោះប្រជាធិបតេយ្យ ប្រកប ដោយមោទនភាពជាទឹកដីរបស់ខ្លួន ហើយដែលចិនមិន ដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះមកនៅក្រោមការគ្រប់គ្រង របស់ទីក្រុងប៉េកាំងនោះទេ។

លោកបន្តថា “ខ្ញុំក៏ចង់ជំរុញឱ្យប្រទេសចិន បញ្ឈប់ការបំភិតបំភ័យតៃវ៉ាន់ទាំងផ្នែកនយោបាយ និងយោធា ហើយទទួលយកការទទួលខុស ត្រូវជាសកលជាមួយតៃវ៉ាន់ ក្នុងការខិតខំរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រ តៃវ៉ាន់ និងក្នុងតំបន់ ដើម្បីធានាថាពិភពលោក គ្មានការភ័យខ្លាចពីសង្គ្រាមផ្ទុះឡើង»។ យើងក៏ចង់ប្រកាសរឿងនេះ ដល់ពិភពលោកដែរ ៖ តៃវ៉ាន់មិនធ្វើសម្បទាន លើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពទេ។ សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយវិបុលភាព គឺជាគោលដៅរបស់យើង សម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែង” ។

យ៉ាងណាក៏ដោយ មិនមានប្រតិកម្មភ្លាមៗពីប្រទេសចិនដែលបានហៅលោក ឡៃ ម្តងហើយម្តងទៀតថាជាអ្នកបំបែកខ្លួនដែលប្រថុយនឹងសង្គ្រាម នោះឡើយ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top