ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយអំពីសហរដ្ឋអាមេរិក និងការផ្លាស់ប្តូររបស់ប្រទេសមួយចំនួនទៀត ក្នុងការបញ្ជូនមនុស្សទៅចូលរួមក្នុងពិធី សម្រាប់លោក Lai Ching-te ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់។
លោក Chen បានលើកឡើងថា “យើងប្រឆាំងដាច់ខាតរាល់ទម្រង់នៃ ការផ្លាស់ប្តូរជាផ្លូវការរវាងតំបន់តៃវ៉ាន់របស់ចិន និងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលមាន ទំនាក់ទំនងការទូតជាមួយប្រទេសចិន។ យើងថ្កោលទោសយ៉ាងខ្លាំងចំពោះ ការជ្រៀតជ្រែកក្នុងកិច្ចការតៃវ៉ាន់ ក្រោមលេស ឬតាមមធ្យោបាយណាមួយ”។
លោកបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធកែតម្រូវ កំហុសរបស់ពួកគេជាបន្ទាន់ ហើយបញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ។
លោកបានបន្ដថា ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្ស រីកចម្រើនប្រជាធិបតេយ្យក្នុងការស្វែងរក ការគាំទ្រពីបរទេសសម្រាប់ឯករាជ្យ និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅនឹង មិនបញ្ឈប់និន្នាការដែលមិនអាចត្រឡប់វិញ នៃការបង្រួបបង្រួមរបស់ប្រទេសចិនបាននោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា