នៅលើជួរភ្នំ Jiuwan ស្ថិតនៅស្រុក Huanjiang ដែលជាស្រុកស្វយ័តជនជាតិ ម៉ៅណាន ភូមិភាគស្វយ័តក្វាងស៊ីប្រទេសចិន មានជនជាតិភាគតិច ម៉ៅណាន ដែលរស់នៅទីនោះជាច្រើនជំនាន់ ។ ដោយសារតែជាដីភ្នំ ដូច្នេះការដាំដុះដំណាំប្រពៃណីមិនសូវជាហុចផលល្អប៉ុន្មានទេ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចម្ការ«ក្រូចឃិ្វចស្ករ» បានគ្របដណ្តប់លើផ្ទៃដី តាមជម្រាលភ្នំជាច្រើនហិកតា ឯអ្នកភូមិជាច្រើននៅទីនោះបានចេញផុត ពីភាពក្រីក្រដោយ សារតែការដាំក្រូចឃ្វិចនេះ ។
កាលពីដើម ឃុំ Xia’nan ជាឃុំមួយក្នុងចំណោមឃុំក្រីក្របំផុតនៅប្រទេសចិន ។ ដើម្បីជួយអ្នកភូមិ ឱ្យចេញផុតពីភាពក្រីក្រ និងលើកកម្ពស់ ជីវភាព របស់ពួកគាត់ បន្ទាប់ពីការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំ រដ្ឋបាលតំបន់បានជំរុញ លើកទឹកចិត្តឱ្យអ្នកភូមិ ដែលមានភាព ឧស្សាហ៍ព្យាយាម នាំមុខក្នុងការអនុវត្តតាមវិធានការ របស់អាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចគោលដៅ កាត់បន្ថយភាពក្រីក្រ ។
ការដាំក្រូចឃិ្វចស្ករត្រូវការជំនាញផ្នែកបច្ចេកទេសដាំដុះ ទើបអាចទទួលបានផលច្រើន អាស្រ័យហេតុនេះ រដ្ឋបាលឃុំ Xia’nan បានរៀបចំចាត់ចែងគណៈប្រតិភូទស្សនកិច្ច សិក្សាដែលក្នុងនោះមានសមាជិកមួយចំនួន ជាអ្នកភូមិឈានមុខ ដើម្បីទៅរៀនសូត្រពីបទពិសោធ ដាំដុះក្រូចឃ្វិចនៅខេត្តផ្សេង ព្រមទាំងអញ្ជើញអ្នកជំនាញ មកជួយបង្ហាត់បង្រៀនអ្នកភូមិអំពីវិធីដាំដុះ ។
ឆ្លងតាមការសាកល្បងជាច្រើនឆ្នាំ អ្នកភូមិដែលនាំមុខដាំក្រូចឃ្វិច ចាប់ផ្តើមទទួលបានផលជាបណ្តើរៗ ពេលមានប្រាក់កម្រៃសមល្មម ក៏បានរួមគ្នាបង្កើតសហករណ៍ដាំដុះ ក្រូចឃ្វិចដើម្បីជួយ ដល់អ្នកភូមិ ដែលមានបំណងដាំដុះ តាមរយៈការជួយបង្ហាត់បង្រៀន ពីបច្ចេកទេសដាំដុះ និងមានការជួយឧបត្ថម្ភគាំទ្រ ពីរដ្ឋបាលតំបន់ ។
ក្រុមការងារជួយកាត់បន្ថយភាពក្រីក្រ របស់រដ្ឋបាលស្រុកបាន ចុះទៅកាន់ផ្ទះអ្នកភូមិ ហើយសួរថាចង់ដាំក្រូចឃ្វិចឬទេ ? បើអ្នកភូមិគ្មានលុយទិញកូនឈើ គ្មានដីសម្រាប់ដាំដុះ ហើយមិនចេះដាំ ក្រុមការងារនឹងផ្តល់កូនឈើ ឱ្យពួកគេដោយឥតគិតថ្លៃ ហើយបញ្ជូនអ្នកបច្ចេកទេសមកបង្រៀនពីវិធីដាំដុះ ។ អ្នកភូមិក្រីក្រដែល ទើបចាប់ផ្តើមដាំដុះអាចកាប់រាស់ដីរហោឋានខ្លះ និងជួលដីពីអ្នកភូមិផ្សេងទៀត ។ ពេលដំបូង រដ្ឋបាលភូមិនឹងផ្តល់ប្រាក់ ទំនុកបម្រុងសម្រាប់ការកាត់បន្ថយភាពក្រីក្រដល់អ្នកភូមិ ដើម្បីយកទៅទិញជីគីមីនិងថ្នាំ កសិកម្មជាដើម បើមិនគ្រប់ រដ្ឋបាលស្រុកនឹងជួយទៅខ្ចី ប្រាក់កម្ចីឥតការប្រាក់ ដើម្បីជួយសម្រាលបន្ទុករបស់អ្នកភូមិ ក្រីក្រក្នុងដំណាក់កាលដំបូង នៃការដាំដុះក្រូចឃ្វិច ។
ការដាំដុះក្រូចឃ្វិចស្ករត្រូវចំណាយពេលបីឆ្នាំទើបទទួលបានផល ។ ដូច្នេះអ្នកភូមិជនជាតិ ម៉ៅណាន តែងជួយយកអាសាគ្នាក្នុងអំឡុងពេលដាំដុះ ។ ពេលហុចផលនឹងមានសហគ្រាស សហករណ៍ឬរោងចក្រកែច្នៃ និងវេចខ្ចប់ក្នុងតំបន់មកប្រមូលទិញដល់កន្លែង ដូច្នេះមិនបាច់បារម្ភពីរឿង គ្មានទីផ្សារសម្រាប់លក់នោះទេ ។
វិធីសាស្ត្រជួយកាត់បន្ថយភាពក្រីក្រ នៃរដ្ឋបាលស្រុក Huanjiang ដែលជំរុញ ឱ្យអ្នកភូមិដាំដុះក្រូចឃ្វិច មិនត្រឹមតែនាំមកនូវប្រាក់ចំណូល សមរម្យដល់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញឱ្យកើតចេញជាខ្សែ សង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏ពេញលេញមួយផងដែរ ដូចជាមានរោងចក្រវេចខ្ចប់និងកែច្នៃដាដើម ដែលផ្តល់ឱកាសការងារជាច្រើនដល់អ្នកភូមិផង ហើយជួយដោះស្រាយបញ្ហាទីផ្សារដល់អ្នកភូមិផង ហេតុនេះមានអ្នកភូមិចំណាកស្រុកមួយចំនួនបានវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីដាំក្រូចឃ្វិចឬធ្វើការ តាមរោងចក្រនៅក្នុងភូមិឃុំរបស់ខ្លួន ដែលមិនចាំបាច់ចាកចេញទៅឆ្ងាយពីគ្រួសារនិងកូនៗក៏អាចទទួលបានចំណូល ដ៏សមរម្យដែលអាចផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់ ។
កាលពីជិតដប់ឆ្នាំមុន រដ្ឋបាលតំបន់ បានទម្លាក់ថវិកាសាងសង់និងជួសជុល ផ្លូវក្នុងភូមិ ហើយបានតភ្ជាប់បណ្តាញទឹក ពីចម្ងាយជាង១០គីឡូម៉ែត្រសម្រាប់ ឱ្យអ្នកភូមិប្រើប្រាស់ក្នុង ជីវភាពប្រចាំថ្ងៃ និងការងារស្រោចស្រព ដែលបានធ្វើឱ្យអ្នកភូមិដែលរស់នៅលើភ្នំមានទឹក អគ្គិសនីនិងបណ្តាញ អ៊ីនធើណិតប្រើប្រាស់គ្រប់គ្រាន់ លក្ខខណ្ឌរស់នៅប្រសើរជាងកាលពីមុនយ៉ាងច្រើន ។ ដោយសារមានភាពងាយស្រួលខាងគមនាគមន៍និងទូរគមនាគមន៍ ដូច្នេះ ក្រូចឃ្វិចនិងផលិតផល ធ្វើពីក្រូចឃ្វិចរបស់ជនជាតិ ម៉ៅណាន បានត្រូវដាក់លក់នៅទីផ្សារទូទាំងប្រទេសចិន ។ ពិសេស ឆ្លងតាមការផ្លាស់ប្តូរនៃទម្លាប់ទិញ អីវ៉ាន់របស់យុវជនចិន ការទិញទំនិញតាមអនឡាញបានក្លាយជាទម្លាប់ប្រចាំថ្ងៃ ដែលនាំឱ្យការលក់ក្រូចឃិ្វចរបស់ជនជាតិ ម៉ៅណាន កាន់តែងាយស្រួល ដោយពួកគេអាចផ្សាយ ផ្ទាល់លក់ផលិតផលរបស់ខ្លួន ហើយវេចខ្ចប់ផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន អីវ៉ាន់រហ័សក៏សម្រេចបានការលក់ដូរ ។
«សុភមង្គលកើតចេញ ពីការតស៊ូ» នេះជាការលើកឡើងរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ។ អ្នកភូមិជនជាតិ ម៉ៅណាន បានជម្នះភាពក្រីក្រ ដោយដៃទាំងគូដ៏ឧស្សាហ៍ព្យាយាមរបស់ពួកគេ ។ ក្រូចឃ្វិចដ៏ផ្អែមបាននាំឱ្យជីវភាពរបស់អ្នកភូមិជនជាតិ ម៉ៅណាន នៅឃុំ Xia’nan មានជីវភាពធូរធារល្មម និងកំពុងដើរតាមជំហាននៃគោលនយោបាយ ស្ដារនិងអភិវឌ្ឍជនបទរបស់ប្រទេសជាតិ ។ ជឿជាក់ថា បន្ទាប់ពីការសម្រេចបាននូវការធ្វើទំនើប កម្មតាមបែបផែនចិន ជីវភាពរបស់ពួកគេនឹងផ្អែមជាងផ្លែក្រូចឃ្វិចទៅទៀត ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន