ព័ត៌មានអន្តរជាតិ

ជប៉ុន ហ្វីលីពីន នឹង​ធ្វើ​ការ​ចរចា​សន្តិសុខ ២ បូក ២ នៅ​ខែ​កក្កដា

Kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុន និងហ្វីលីពីនកំពុងរៀបចំឱ្យមាន កិច្ចប្រជុំមួយដែលមានការចូលរួម ពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ពួកគេ នៅទីក្រុងម៉ានីលនៅដើមខែកក្កដា។

ប្រភពបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិ Minoru Kihara ត្រូវបានគេរំពឹងថា នឹងយល់ព្រមជាមួយសមភាគីហ្វីលីពីន របស់ពួកគេគឺលោក Enrique Manalo និងលោក Gilberto Teodoro លើការពន្លឿនការចរចាលើ កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក។

ជប៉ុន និងហ្វីលីពីន បានព្រមព្រៀងគ្នាក្នុងខែវិច្ឆិកា ដើម្បីចាប់ផ្តើមកិច្ចចរចា RAA។ RAAs មានគោលបំណងជួយសម្រួលដល់ ការដាក់ពង្រាយបុគ្គលិកការពារជាតិ ឱ្យកាន់តែរលូន សម្រាប់ការបណ្តុះបណ្តាល និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងបន្ធូរបន្ថយការរឹតបន្តឹងលើការដឹកជញ្ជូនអាវុធ និងការផ្គត់ផ្គង់។

វានឹងក្លាយជាកិច្ចចរចាពីរបូកពីរ សម្រាប់ប្រទេសជប៉ុន និងហ្វីលីពីនបន្ទាប់ពីការចាប់ផ្តើមរបស់ពួកគេ នៅទីក្រុងតូក្យូក្នុងខែមេសា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសជប៉ុន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងពីរ បាននិងកំពុងពង្រឹងទំនាក់ទំនង ការពារជាតិទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបង្កហេតុ និងការទាមទារទឹកដីកាន់តែ ខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top