ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស​ជប៉ុន និង​អាមេរិក ចំពោះ​ការ​អបអរសាទរ​ មេដឹកនាំ​តៃវ៉ាន់​ថ្មី

Kyodo

ប៉េកាំង៖ ប្រទេសចិន បានសម្តែង “ការប្រឆាំងយ៉ាងម៉ឺងម៉ាត់” របស់ខ្លួនចំពោះប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដោយអបអរសាទរប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់លោក ដោយបេសកជនរបស់ទីក្រុងប៉េកាំង ប្រចាំទីក្រុងតូក្យូមុននេះ បានព្រមានថា អ្នកគាំទ្រជប៉ុននៃឯករាជ្យភាព របស់កោះនេះនឹងត្រូវបាន “នាំចូលទៅក្នុងរណ្តៅភ្លើង” ។

ជាការឆ្លើយតប ប្រទេសជប៉ុន បានតវ៉ាទៅកាន់ប្រទេសចិន តាមរយៈបណ្តាញការទូតជុំវិញការអត្ថាធិប្បាយ របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុនលោក Wu Jianghao បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់លោក ឡៃ កាលពីថ្ងៃចន្ទ ដោយបានហៅពួកគេថា “មិនសមរម្យជាខ្លាំង” នេះបើយោងតាមប្រភពរដ្ឋាភិបាលមួយ។

ប្រទេស​ចិន ដែល​ចាត់ទុក​កោះ​ដែល​គ្រប់គ្រង​ ដោយ​ខ្លួនឯង​ថា​ជា​របស់​ខ្លួន​នោះ​ក៏បាន ​ដាក់​ពាក្យបណ្តឹង​ជាមួយ​អង់គ្លេស និង​កូរ៉េខាងត្បូង​ផងដែរ​ចំពោះ​ ការអបអរសាទរ​ចំពោះ​លោក ឡៃ។ សមាជិកសភា និងអ្នកផ្សេងទៀតមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស និងកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមភ្ញៀវបរទេសជាង ៥០០នាក់ ដែលបានចូលរួមក្នុងពិធីសម្ពោធនោះ។

ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះប្រទេសដែលមានទំនាក់ទំនងការទូត ធ្វើការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់។ ប្រភពបាន​ថ្កោលទោស​លោក ឡៃ ជា​ពិសេស​ដែល​ជា​ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ឯករាជ្យ ដែល​កំពុង​កាន់​អំណាច​របស់​កោះ​នេះ​ថា​ជា “អ្នក​ផ្តាច់ខ្លួន​”។

សមាជិកសភាជប៉ុនសរុបចំនួន ៣១នាក់បានចូលរួមក្នុងពិធីនេះ ដែលជាគណៈប្រតិភូដ៏ធំបំផុតមួយមកពីទីក្រុងតូក្យូ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ ដោយប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានបង្ហាញក្តីសង្ឃឹមថា នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពជប៉ុន-តៃវ៉ាន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top