ព័ត៌មានអន្តរជាតិ

តើអ្វីទៅជា«គោលការណ៍ចិន តែមួយ» ?

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើត ទំនាក់ទំនងផ្លូវទូត ជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់ យ៉ាងដាច់ខាតនូវ «គោលការណ៍ចិនតែមួយ» ដែលជាបន្ទាត់ក្រហម របស់ប្រទេសចិន ក្នុងទំនាក់ទំនងអន្តរជាតិ ។

តើអ្វីទៅជា គោលការណ៍ចិនតែមួយ ?

និយាយជារួម គោលការណ៍ចិនតែមួយ គឺជាគោលការណ៍ ដែលកំណត់ថាតំបន់ចិនដីគោក និង តំបន់តៃវ៉ាន់ ជាប្រទេសចិនតែមួយ ដែលគោលការណ៍នេះ ជាគំនិតឯកភាពរួម របស់សហគមន៍អន្តរជាតិ និង ជាក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។ វាបានបង្កើតឡើងក្រោម ការតស៊ូរបស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ ដែលមានមូលដ្ឋាននៃផ្លូវច្បាប់ និងភស្តុតាងជាក់ស្តែង ដែលមិនអាចធ្វើឱ្យរង្គោះរង្គើបាន ហើយត្រូវបានកំណត់ ជាក្រមទំនាក់ទំនងអន្តរជាតិ ក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ។

ការដែលនិយាយថា តំបន់តៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីចិន វាមិនមែនជាការអះអាង ដោយប្រយោលឬតាមតែមាត់នោះទេ ពោលគឺវាមាន ទាំងភស្តុតាងផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ ។

តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយ នៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ព ចំនួនបីលើកឱ្យទៅប្រចាំការ នៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុង និងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគម និងការឈ្លានពានរបស់បរទេស ហើយទីបំផុតត្រូវបានប្រទេសចិន ដណ្តើមយកមកវិញ ។

កាលពីខែធ្នូ ឆ្នាំ ១៩៤៣ នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួម ទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនទន្ទ្រានយកឱ្យទៅប្រទេសចិនវិញ» ។ បន្ទាប់មក មាត្រាទី ៨ នៃ«សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៤៥ បានចែងថា «សេចក្តីថ្លែងការណ៍ រួមទីក្រុងគែរ» ត្រូវអនុវត្តឱ្យបានជាដាច់ខាត ។ ប្រទេសជប៉ុនបានទទួលយក «សេចក្តីប្រកាសក្រុង Postdam» និងប្រកាសចុះចាញ់ ដោយគ្មានលក្ខខណ្ឌ ។

ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈ ស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិមក អង្គការសហប្រជាជាតិ ក៏បានទទួលស្គាល់ថា រដ្ឋាបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ចំណែកតំបន់តៃវ៉ាន់ គ្រាន់តែជាផ្នែកមួយ របស់ប្រទេសចិនតែប៉ុណ្ណោះ ហើយការលើកឡើងពី«គោលការណ៍ចិន តែមួយ»របស់រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ ។

បច្ចុប្បន្ន មានប្រទេសចំនួន ១៨៣ បានបង្កើតទំនាក់ទំនង ការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ ដែលជាការពិតបង្ហាញ យ៉ាងប្រចក្សថា គោលការណ៍ចិន តែមួយជាសច្ចភាពអន្តរជាតិ ដែលមិនអាចប្រកែកបាន ។ យ៉ាងណាមិញ មានប្រទេសមួយចំនួនតូច ដែលខ្លាចប្រទេសចិនអភិវឌ្ឍលឿន ជាងខ្លួនតែងយកបញ្ហាតៃវ៉ាន់ មកជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិនក្នុង គោលបំណង បង្អូសបង្អាក់ការអភិវឌ្ឍរបស់ចិន ហើយអាជ្ញាធរតៃវ៉ាន់ដែលចង់«ឯករាជ្យ» តាមរយៈ ការពឹងផ្អែកលើកម្លាំង ខាងក្រៅដែលជាទង្វើក្បត់នឹង ផលប្រយោជន៍និងឆន្ទៈប្រជាជនដោយងងឹតងងុល ក៏តែងហក់លោតបង្ករឿងយ៉ាងគឃ្លើន ។

ប៉ុន្តែទោះជាយ៉ាងណាក្តី សច្ចភាពនឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ។ តួយ៉ាងដូចជាការវិវឌ្ឍថ្មីៗនេះនៃសភាពការណ៍នៅកោះតៃវ៉ាន់ មានប្រទេសជាច្រើន ដែលបានចេញសេចក្តីថ្លែងការណ៍ដើម្បីបង្ហាញ ពីការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ និងការបង្រួបបង្រួមជាតិ របស់ប្រទេសចិន ។ ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិន តែមួយ ដោយទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ ផ្តាច់ចេញពីទឹកដីរបស់ចិន ។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ ។

ជាការពិតណាស់ សំឡេងសច្ចភាពទាំងនេះជាការឆ្លុះបញ្ចាំងថា មិនថាអាជ្ញាធរតៃវ៉ាន់ ឬកម្លាំងខាងក្រៅណាដែលប៉ុនប៉ងធ្វើអបគមន៍ឱ្យតៃវ៉ាន់ឯករាជ្យ សុទ្ធតែជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ ល្មើសនឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ និងល្មើសនឹងឆន្ទៈរបស់ប្រជាជន ដែលទីបំផុតមុខជានឹង ត្រូវបរាជ័យទាំងស្រុងជាមិនខាន ។ ការបង្រួបបង្រួមជាតិ របស់ប្រទេសចិនជារឿងដែលគង់នឹងសម្រេចបានជាដាច់ខាតគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top