បរទេស៖ យោធារបស់កោះតៃវ៉ាន់ បានចល័តកម្លាំងរបស់ខ្លួន ហើយបាននិយាយថា ខ្លួនមានទំនុកចិត្តថា ខ្លួនអាចការពារកោះនេះ បន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមសមយុទ្ធ “ដាក់ទណ្ឌកម្ម” រយៈពេលពីរថ្ងៃជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ក្នុងអ្វីដែលចិនបាននិយាយថា ជាការឆ្លើយតបទៅនឹង “ទង្វើផ្តាច់ខ្លួន”។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញក្រុមកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន បានកើតឡើងត្រឹមតែបីថ្ងៃបន្ទាប់ពីលោក ឡៃ ឆឹងតេ ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ ជាមនុស្សដែលទីក្រុងប៉េកាំងស្អប់ខ្ពើមថាជា “អ្នកបំបែកខ្លួន” ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានបរិហារសុន្ទរកថាបើកសម្ពោធរបស់លោក ឡៃ ឆឹងតេ កាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានអំពាវនាវឱ្យចិន បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានហៅលោក ឡៃ ថា មនុស្ស “គួរឱ្យអាម៉ាស់” ។
លោក ឡៃ បានផ្តល់ការចរចាជាមួយចិន ម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ។ លោកនិយាយថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ ហើយបដិសេធការទាមទារអធិបតេយ្យភាព របស់ទីក្រុងប៉េកាំងផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា