ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ ប្រកាសដកស្ថានទូតរបស់ខ្លួន ចេញពីប្រទេសអាហ្សង់ទីន

Xinhua

ម៉ាឌ្រីដ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានប្រកាសពីការដកតំណែងឯកអគ្គរដ្ឋទូត របស់ប្រទេសប្រចាំនៅប្រទេសអាហ្សង់ទីន។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើង ក្រោយពីមានការអត្ថាធិប្បាយបង្កហេតុ ដែលធ្វើឡើងដោយប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei អំពីប្រធានាធិបតីអេស្ប៉ាញ លោក Pedro Sanchez និងភរិយារបស់គាត់ ។

ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃការជួបជុំមួយដោយគណបក្ស Vox ស្តាំនិយមជ្រុលក្នុងរដ្ឋធានីម៉ាឌ្រីដ របស់អេស្ប៉ាញកាលពីថ្ងៃអាទិត្យ ហើយមិនមានការសុំទោសណាមួយត្រូវបាន ធ្វើឡើងចាប់តាំងពីពេលនោះមកនៅឡើយទេ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Albares បានលើកឡើងថា “រដ្ឋាភិបាលនៅតែមានការប្រុងប្រយ័ត្ន ស្ថានភាពមិនផ្លាស់ប្តូរទេ ដូច្នេះហើយខ្ញុំសូមប្រកាសថា យើងកំពុងដកឯកអគ្គរដ្ឋទូតរបស់យើង (Maria Jesus Alonso) នៅទីក្រុង Buenos Aire” ។

លោក Alonso ដែលត្រូវបានកោះហៅឱ្យទៅពិគ្រោះកាលពីថ្ងៃអាទិត្យ “ពិតជានឹងស្នាក់នៅក្នុងទីក្រុង ម៉ាទ្រីដ ហើយអាហ្សង់ទីន នឹងបន្តដោយគ្មានឯកអគ្គរដ្ឋទូត” ។

គួររំលឹកថា កាលពីថ្ងៃចន្ទ លោក Albares បានកោះហៅឯកអគ្គរដ្ឋទូតអាហ្សង់ទីន ប្រចាំប្រទេសអេស្ប៉ាញ លោក Roberto Sebastian Bosch ទៅកាន់ទីស្នាក់ការក្រសួង ដើម្បីទាមទារការសុំទោសជាសាធារណៈពីលោក Milei ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top