ព័ត៌មានអន្តរជាតិ

Update: តុលាការធម្មនុញ្ញ របស់ប្រទេសថៃ ទទួលញត្តិ ដែលប៉ុនប៉ង ទម្លាក់នាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ពីតំណែង

Photo: Government House
" "

បរទេស ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានទទួលយកញត្តិ នៅក្នុងការប៉ុនប៉ងទម្លាក់លោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីចេញពីតំណែង ជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការតែងតាំងរដ្ឋមន្ត្រី ដែលមានកំណត់ត្រាជាប់ពន្ធនាគារ ។ ទោះជាយ៉ាងណា តុលាការបានបោះឆ្នោត ដោយសំឡេង ៥-៤ មិនឱ្យព្យួរលោកសេដ្ឋា ថាវីស៊ីន ពីកាតព្វកិច្ចនោះឡើយ ដោយរង់ចាំការសម្រេចរបស់ខ្លួនសិន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រមតុលាការធម្មនុញ្ញ ចំនួនប្រាំបួននាក់បានកោះប្រជុំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាលើញត្តិ ដែលដាក់ដោយក្រុមសមាជិក ព្រឹទ្ធសភាចាំផ្ទះចំនួន ៤០នាក់។ តាមរយៈសំឡេង ៦ទល់នឹង៣ ចៅក្រមបានយល់ព្រមទទួលយកញត្តិនេះ ហើយបានបង្គាប់ឱ្យលោក សេដ្ឋា ថាវីស៊ីន ផ្តល់ការពន្យល់ក្នុងរយៈពេល ១៥ ថ្ងៃ។

" "

តុលាការក៏បានបោះឆ្នោត ដោយសំឡេង ៨ទល់នឹង១ ដើម្បីច្រានចោលញត្តិស្រដៀងគ្នានេះប្រឆាំងនឹងអតីតរដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី លោក Pichit Chuenban ដោយលើកឡើងពីការលាលែង ពីតំណែងរបស់លោកកាលពីថ្ងៃអង្គារ។

" "

កន្លងមក សមាជិកព្រឹទ្ធសភាចាំផ្ទះ ធ្លាប់បានស្នើទៅតុលាការធម្មនុញ្ញថា តើលោក សេដ្ឋា ថាវីស៊ីន និងលោក Pichit Chuenban គួរតែត្រូវបញ្ឈប់ ពីមុខតំណែងតាមមាត្រា ១៧០ (៤) និង (៥) នៃធម្មនុញ្ញដែលទាក់ទងនឹងក្រមសីលធម៌របស់គណៈរដ្ឋមន្ត្រីដែរឬទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top